ចុង​សប្ដាហ៍ ២​ថ្ងៃនេះ​! អ្នកទេសចរ ចេញ​ដើរ​កម្សាន្ត​មាន​ចំនួន​ជិត ១៤​ម៉ឺន​នាក់​

ភ្នំពេញ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១២១​នេះ បាន​បញ្ជាក់ថា ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១ ដែលជា​ថ្ងៃ​ចុង​សប្តាហ៍​នោះ ភ្ញៀវ​ទេសចរណ៍​ដែល​បានចេញ​ដើរ​ទស្សនា​កម្សាន្ត​មាន​ចំនួន​សរុប ១៣៩,៨៦៤​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ ១៣៦,៤៩៨​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៣,៣៦៦​នាក់​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី បាន​បន្តថា គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
*​ខេត្ត​ព្រះសីហនុ ៣០,៩២៦​នាក់​
*​រាជធានី​ភ្នំពេញ ២៥,៤៩៣​នាក់​
*​ខេត្តកំពត ១៧,៩៧៤​នាក់​
*​ខេត្ត​កែប ៩,៦១៦​នាក់​
*​ខេត្តសៀមរាប ៨,៦១៨​នាក់​
*​ខេត្តកំពង់ស្ពឺ ៧,៨៨៥​នាក់​
*​ខេត្តមណ្ឌលគិរី ៥,៩៨៤​នាក់​
*​ខេត្តពោធិ៍សាត់ ៥,៦៦៥​នាក់​
*​ខេត្តកណ្តាល ៥,៣២៥​នាក់​។​

​ជាការ​កត់សម្គាល់ លោក ថោង ខុន បាន​បញ្ជាក់ថា តួលេខ​នេះ​មានការ​កើនឡើង​ប្រមាណ ១.២៧% ធៀប​នឹង​សប្តាហ៍​កន្លងមក​។​

​បើតាម​ឯកឧត្ដម ថោង ខុន បានឱ្យដឹងថា ខេត្ត​តំបន់​ឆ្នេរសមុទ្រ ពិសេស​ខេត្ត​ព្រះសីហនុ កំពត និង​កែប ជា​គោលដៅ​សំខាន់​ដែល​បាន​ស្រូប​ទាញ​ភ្ញៀវទេសចរ​ច្រើន​រហូតដល់​ប្រមាណ ៤២% នៃ​ចំនួន​ភ្ញៀវ​សរុប​។

​ទន្ទឹមនឹងនេះ ខេត្តសៀមរាប ក៏បាន​បង្ហាញ​សញ្ញា​នៃ​ការ​ងើបឡើង​វិញ​ជា​បណ្តើរៗ ខណៈដែល​គោលដៅ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ មណ្ឌលគិរី ពោធិសាត់ នៅតែ​ជា​គោលដៅ​ពេញនិយម​នា​ចុង​សប្តាហ៍​កន្លងមក​។​

​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ បាន​គូសបញ្ជាក់ថា សភាពការណ៍​ជារួម មិនមាន​បញ្ហា​អ្វី​គួរកត់សម្គាល់​ទេ ខណៈដែល​រដ្ឋបាល​រាជធានី​ខេត្ត មន្ទីរ​ទេសចរណ៍ បាន​បន្ត​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) នៅតាម​មូលដ្ឋាន​អាជីវកម្ម និង​គោលដៅ​ទេសចរណ៍​នានា ពិសេស​ការអនុវត្ត​វិធានការ «៣​កុំ និង​៣​ការពារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close