រដ្ឋប្រហារយោធានៅស៊ូដង នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីជាច្រើនត្រូវយោធាចាប់ខ្លួន
នៅថ្ងៃទី ២៥ខែតុលា រដ្ឋមន្ត្រីក្រសួងព័ត៌មានស៊ូដង បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីប្រទេសនេះគឺលោក Abdalla Hamdok ត្រូវយោធាចាប់ខ្លួនហើយបញ្ជូនទៅកាន់ទីតាំងសម្ងាត់មួយ ក្រោយពេលលោកបដិសេធគាំទ្រដល់ការធ្វើរដ្ឋប្រហារយោធា។
ចំណែកបណ្តាញទូរទស្សន៍ Al Hadath TV បានផ្សាយថា កម្លាំងទាហានបានចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលស៊ីវិលជាច្រើនរូប នៅព្រឹកថ្ងៃទី ២៥ខែតុលា ។ ជាមួយគ្នានេះ ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យបានអំពាវនាវដល់ពលរដ្ឋនាំគ្នាដង្ហែរក្បួនបាតុកម្មប្រឆាំងរាល់ការធ្វើរដ្ឋប្រហារដោយយោធា។
ប្រភពព័ត៌មាន បានឲ្យដឹងថា កម្លាំងទាហាន បានសម្រុកចូលក្នុងផ្ទះទីប្រឹក្សានាយករដ្ឋមន្ត្រី Abdalla Hamdok ហើយចាប់ខ្លួនតែម្តង។ នៅពេលនេះដែរកម្លាំងយោធាមិនទាន់វិភាគអ្វីជុំវិញបញ្ហាខាងលើនៅឡើយទេ។ចំណែកនាយករដ្ឋមន្ត្រី Abdalla Hamdok ក៏ត្រូវបានយោធាឃុំខ្លួននៅក្នុងផ្ទះផងដែរ ។ ជាមួយគ្នានេះកម្លាំងយោធាក៏បានចាប់ខ្លួនរដ្ឋមន្ត្រី៤រូបក្នុងរដ្ឋាភិបាលផងដែរ។
ស្ថានភាពស៊ូដង គួឲ្យបារម្ភយ៉ាងខ្លាំង ដោយក្រោយការធ្វើរដ្ឋប្រហារ មិនបានសម្រេចកាលពីខែមុន ក្រោយពេលកម្លាំងយោធា និងថ្នាក់ដឹកនាំស៊ីវិលទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ។ ភាគីទាំងពីរបានចែករំលែកអំណាច ក្រោយពេលអតីតមេដឹកនាំ ស៊ូដង់ លោក Omar Al Bashir រងការធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៩ ។ ដំណើរការផ្លាស់ប្តូរអំណាច បានព្រមព្រៀងគ្នា ក្រោយលោក Bashir ត្រូវផ្តួលរំលំ ហើយការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ ២០២៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។