ក្រសួង អំពាវនាវ​ដល់​ពលរ​ដ្ឋ សូម​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូតធម្មជាតិ​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​២ ខែវិច្ឆិកា​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​រាជធានី​ខេត្ត​ចំនួន​១៤​របស់​កម្ពុជា ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​។​

​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា ក្នុង​សប្តាហ៍​ខាងមុខ (​ពីថ្ងៃ​ទី​២៧ ខែតុលា ដល់​ថ្ងៃទី​២ ខែវិច្ឆិកា​) ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់​៖ ពីថ្ងៃ​ទី​២៧-២៨ ខែតុលា ឥទ្ធិពល​ពី​សម្ពាធ​ទាប និង​ពី​ថ្ងៃទី​២៩ ខែតុលា ដល់​ថ្ងៃទី​២ ខែវិច្ឆិកា ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C
* នៅ​ថ្ងៃទី​២៧-២៨ ខែតុលា អាច​នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង លាយឡំ​ខ្យល់​កន្ត្រាក់ ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង មាន​ជាអាទិ៍​ខេត្ត ៖ ព្រៃវែង , ស្វាយរៀង , កណ្តាល , តាកែវ , កំពង់ស្ពឺ​, កំពង់ឆ្នាំង , ពោធិ៍សាត់ និង​រាជធានី​ភ្នំពេញ ។ បន្ទាប់ពីនោះ ភ្លៀង​អាច​នឹង​បន្ត​ធ្លាក់​ក្នុង​កម្រិត ពី​ខ្សោយ ទៅ​មធ្យម​តែប៉ុណ្ណោះ​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ °C
* នៅ​ថ្ងៃទី​២៧-២៨ ខែតុលា​អាច​នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ពី​បង្គរ​ទៅ​ខ្លាំង លាយឡំ​ខ្យល់​កន្ត្រាក់ អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ​ខេត្ត​៖ មណ្ឌល​គី​រី , ត្បូងឃ្មុំ និង​កំពង់ចាម ។ បន្ទាប់ពីនោះ ភ្លៀង​អាច​នឹង​បន្ត​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​តែប៉ុណ្ណោះ​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ °C
* អាច​នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង លាយឡំ​ខ្យល់​កន្ត្រាក់ អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ក្នុង ភូមិសាស្ត្រ​ខេត្តកំពត ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​។ នៅលើ​ផ្ទៃសមុទ្រ​នឹង​អាចមាន​ភ្លៀង ខ្យល់ និង​រលក​សមុទ្រ​ខ្ពស់ បន្ទាប់ពីនោះ ភ្លៀង​នឹង​ធ្លាក់ចុះ​ក្នុង​កម្រិត ពី​ខ្សោយ​ទៅ​មធ្យម​តែប៉ុណ្ណោះ​។​

​ជាមួយគ្នានេះ ក្រសួង​ធនធាន​ទឹកបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូតធម្មជាតិ ដែល​អាច​កើតមាន​ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close