ក្រសួង សម្រេច​លើកលែង​កាតព្វកិច្ច​ធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានសម្រេច​លើកលែង​កាតព្វកិច្ច​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​បានបញ្ចប់​ការព្យាបាល នៅតាម​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ និង​អ្នកជំងឺ​កូ​វីដ​-១៩ សម្រាក​ថែទាំ និង​ព្យាបាល​នៅតាម​ផ្ទះ​។

​លិខិត​របស់​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ សូម​ធ្វើការ​លើកលែង កាតព្វកិច្ច​ធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​បានបញ្ចប់​ការព្យាបាល​ដូចខាងក្រោម​៖

១៖ អ្នកជំងឺ​កូ​វីដ​-១៩ ដែល​បានបញ្ចប់​ការព្យាបាល​នៅតាម​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ពុំ​ត​មូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ​ទៀត​ទេ​។​
២៖ អ្នកជំងឺ​កូ​វីដ​-១៩ សម្រាក​ថែទាំ និង​ព្យាបាល​នៅតាម​ផ្ទះ ត្រូវបាន​អនុញ្ញាត​ឲ្យ​បញ្ចប់​ការព្យាបាល ទៅតាម​លក្ខខណ្ឌ​ខាងក្រោម​៖

(​ក​)៖ ករណី​អ្នកជំងឺ​កូ​វីដ​-១៩ ពុំបាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​មូលដ្ឋាន បាន​ពេញលេញ អនុញ្ញាត​ឲ្យ​បញ្ចប់​ការព្យាបាល​នៅ​ថ្ងៃទី​១៤ ប្រសិនបើ​ពុំមាន រោគសញ្ញា​ជំងឺ​កូ​វីដ​-១៩ រយៈពេល​៣​ថ្ងៃ​ចុងក្រោយ​បន្តបន្ទាប់​គ្នា (​ថ្ងៃទី​១១ ១២ និង​១៣) និង​ពុំ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​ទៀត​ទេ​។​
(​ខ​)៖ ករណី​អ្នកជំងឺ​កូ​វីដ​-១៩ បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​មូលដ្ឋាន បាន​ពេញលេញ ហើយ​ចាប់ពី​ថ្ងៃទី​៦ ទៅ​ពុំមាន​រោគសញ្ញា​ជំងឺ​កូ​វីដ​-១៩ រយៈពេល ៣​ថ្ងៃ បន្តបន្ទាប់​គ្នា (​ថ្ងៃទី​៦ ៧ និង​៨) ត្រូវធ្វើ​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ដោយ​ខ្លួនឯង នៅ​ថ្ងៃទី​៩​។​

* ប្រសិនបើ​ទទួលបាន​លទ្ធផល​តេស្ត​កូ​វីដ​-១៩ អវិជ្ជមាន [Ag (-)] អនុញ្ញាត​ឲ្យ​បញ្ចប់​ការព្យាបាល និង​ពុំ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ទៀត​ទេ​។​
* ប្រសិនបើ​លទ្ធផល​តេស្ត​កូ​វីដ​-១៩ វិជ្ជមាន [Ag (+)] ត្រូវធ្វើ​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩​ដោយ​ខ្លួនឯង​ឡើងវិញ​នៅ​២​ថ្ងៃ​បន្ទាប់ (​ថ្ងៃទី​១១) ហើយ​អនុញ្ញាត​ឲ្យ​បញ្ចប់​ការព្យាបាល​
* ប្រសិនបើ​ទទួលបាន​លទ្ធផល​តេស្ត​កូ​វីដ​-១៩ អវិជ្ជមាន [Ag (-) និង​ពុំ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ទៀត​ទេ​។​
* ក្នុងករណី​ពុំមាន​លទ្ធភាព​ធ្វើតេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ដោយ​ខ្លួនឯង នៅ​ថ្ងៃទី​៩ អនុញ្ញាត​ឲ្យ​បញ្ចប់​ការព្យាបាល​នៅ​ថ្ងៃទី​១២ ប្រសិនបើ​ពុំមាន​រោគសញ្ញា​ជំងឺ​កូ​វីដ​-១៩ ចាប់ពី​ថ្ងៃទី​៩ ទៅ​រយៈពេល ៣​ថ្ងៃ បន្តបន្ទាប់​គ្នា (​ថ្ងៃទី​៩ ១០ និង​១១) និង​ពុំ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ ទៀត​ទេ​។​

​លក្ខខណ្ឌ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ ចំពោះ​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​បានបញ្ចប់​ការព្យាបាល នៅតាម​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ និង​អ្នកជំងឺ​កូ​វីដ​-១៩ សម្រាក​ថែទាំ និង​ព្យាបាល​នៅតាម​ផ្ទះ ដែល​បានដាក់​ឲ្យ​ប្រើប្រាស់​នាពេល​កន្លងមក ត្រូវ​ទុកជា​និរាករណ៍​។​

​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​បញ្ចប់​ការព្យាបាល ទោះបី​ត្រូវបាន​លើកលែង​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក ប៉ុន្តែ​ត្រូវតែ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ជា​ធរមាន ដោយ​ចូលរួម​អនុវត្ត​ឱ្យបាន​នូវ​វិធានការ ៣​កុំ ៣​ការពារ ឲ្យ​បាន​ខ្ជាប់ខ្ជួន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close