ឯកឧត្ដម ស៊ុន ចាន់ថុល បើក​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ប្រឈម និង​សំណូមពរ ក្នុង​គម្រោង​សាងសង់​ផ្លូវ ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចពិភាក្សា​លើ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ប្រធាន គណៈកម្មការ​ខេត្ត អង្គភាព​សាងសង់ ក្រុមការងារ​ត្រួតពិនិត្យ​បច្ចេកទេស មន្ត្រី​ជំនាញ​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ស្ដាប់​ការធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​បញ្ហា​បច្ចេកទេស បញ្ហា​ប្រឈម សំណូមពរ​របស់​ក្រុម​ទទួលបន្ទុក​ការងារ​សាងសង់​នីមួយៗ សំដៅ​ស្វែងរក​ដំណោះស្រាយ ក៏ដូចជា​ផ្ដល់​អនុសាសន៍​នានា ដើម្បី​ធានា​ឱ្យ​ការសាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​មាន​គុណភាព​ខ្ពស់​ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក​ធ្វើឱ្យបាន​រឹងមាំ​ជាប់​គង់វង្ស​យូរអង្វែង​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គភាព​សាងសង់​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់ខ្លួន​ដោយ​យកចិត្តទុកដាក់ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​បាន​ផ្ដាំ​ផ្ញើឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សហការ និង​ពិភាក្សាគ្នា​រិះរក​បច្ចេកទេស​ល្អៗ ដើម្បី​សាងសង់​សង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​ឱ្យ​កាន់​តែមាន​គុណភាព​ខ្ពស់ ហើយ​ក្នុងករណី​ការសាងសង់​កន្លងមក​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ត្រូវ​កែសម្រួល​ឱ្យ​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ឡើងវិញ​។

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឱ្យដឹងថា​៖ វឌ្ឍនភាព​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​នេះ គិត​ត្រឹម​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ ឬ​រយៈពេល​ជាង ១១​ខែ សម្រេចបាន​៨៣,៨៧%​នៃ ទំហំ​ការងារ​សរុប (២% លឿន​ជាង​ផែនការ​)​។
​គម្រោង​នេះ​គ្រោង​បញ្ចប់​ការស្ថាបនា នៅ​ចុងខែ​ធ្នូ ឆ្នាំ ២០២១​ខាង មុខ​នេះ​។​

គួរកត់សម្គាល់​ផងដែរ​ថា​៖ បញ្ហា​ប្រឈម​នៅ​រដូវ​ធ្លាក់ភ្លៀង និង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​ក្នុងអំឡុង​សាងសង់​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប មិនបាន​ធ្វើឱ្យប៉ះពាល់​ដ​ល់​ដំណើរការ​អង្គភាព​សាងសង់​ឡើយ ដោយហេតុថា​គ្រប់​អង្គភាព​ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់ខ្លួន​យ៉ាងសកម្ម ដើម្បី​ជំរុញ​ការងារ​ស្ថាបនា​ឱ្យ​សម្រេច​តាម​ផែន​ការដែល​បានគ្រោង​ទុក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close