កម្ពុជា បង្ហាញ​ពី​ជំហ និង​ការចូលរួម​ក្នុង​សន្និសីទ​កំពូល​បណ្តា​ភាគី នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ នា​ទីស្ដីការ​ក្រសួងបរិស្ថាន ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានទទួល​ជួប​លោកជំទាវ Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​ជំហរ និង​ការចូលរួម​របស់​កម្ពុ​ជា នៅក្នុង​សន្និសីទ​កំពូល​បណ្តា​ភាគី នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី​២៦ (COP26) ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣១ ខែតុលា ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ទីក្រុង​ក្លាស​ហ្កូ ចក្រភព​អង់គ្លេស​។

​នៅក្នុង​ឱកាស​នៃ​ជំនួប​នេះ លោកជំទាវ​ឯកអគ្គរាជទូត បាន​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៣០ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣​តុលា ដែលជា​មូលដ្ឋាន​ដ៏​សំខាន់​នៃ​សុខសន្តិភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ គឺជា​កត្តា​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៅ​កម្ពុជា​។ ចំពោះ​កិច្ចការ​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ កម្ពុជា​មានការ​ប្ដេជ្ញា​ខ្ពស់​ក្នុងការ​ចូលរួម​ជាមួយ​សហគមន៍​ប្រជាជាតិ ក្នុងការ​ដោះស្រាយ​បញ្ហា​សកល​នេះ​។

​បន្ថែម​លើ​ការអភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ ការស្វែងរក​ប្រភព​ថាមពល​កកើត​ឡើងវិញ គឺជា​ការចូលរួមចំណែក​ដ៏​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ហើយ​កម្ពុជា​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចូលរួម​ជាមួយ ដៃគូ​អភិវឌ្ឍន៍ ជាពិសេស​ចក្រភព​អង់គ្លេស អូស្ត្រាលី និង រុស្ស៊ី ក្នុង​ការសិក្សា​ស្រាវជ្រាវ​លើ​ប្រភព​ថាមពល ដែលមាន​សុវត្ថិភាព និរន្តរភាព និង​តម្លៃថោក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close