ស្លាប់២នាក់ និងរបួសធ្ងន់២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង ព្រលះគ្នា រួចបន្តបុកម៉ូតូ១គ្រឿងទៀត នៅស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាសមនុស្សចំនួន ២នាក់បានស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿង បុកព្រលះគ្នា រួចបន្តទៅបុកអ្នកជិះម៉ូតូ នៅវេលាម៉ោង០៥ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤១ ក្នុងភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តទាំង២គ្រឿង គឺម៉ាកហ៊ីយ៉ានដាយ ពណ៌ស-ក្រហម ពាក់ស្លាកលេខតាកែវ 3A-2310 សណ្តោងសឺមីរ៉ឺម៉កពាក់ស្លាកលេខព្រះសីហនុ 4A-1503 និង១គ្រឿង ម៉ាកគៀ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ 2A-3576 រីឯម៉ូតូ១គ្រឿង ម៉ាកហុង ពណ៌ខ្មៅ សេរី2018 ពាក់ស្លាកលេខកំពង់ស្ពឺ 1M-1175។
ជនរងគ្រោះដែលស្លាប់ មានឈ្មោះ គឺត វាសនា និងឈ្មោះ គឹម ដាណែត និងអ្នករបួសធ្ងន់ ឈ្មោះ អ៊ូ ស្រីអូន និងឈ្មោះកើត កុសល។ អ្នកបើករថយន្តបង្ក មិនស្គាល់អត្តសញ្ញាណ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះពិនិត្យ និងបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។