២​ថ្ងៃ​ជាប់​គ្នា​! សមត្ថកិច្ច បង្ក្រាបបាន​អាល់កុល​ក្លែងក្លាយ​ជាង ១​ម៉ឺន ៥​ពាន់​លីត្រ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ មន្ត្រី​ស៊ើបអង្កេត​របស់​អគ្គនាយក​ដ្ឋា​ន ក​.​ប​.​ប​. បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​គុណភាព​អាល់កុល នៅ​ទីតាំង​មួយកន្លែង ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ប្រតិបត្តិការ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជំនាញ​បានធ្វើការ​ស្រាវ​វ​ជ្រាវ​រកឃើញថា ទីតាំង​នេះ​មាន​ស្តុក​ទុក ដើម្បី​ចែកចាយ​លក់​អាល់កុល​នៅតាម​បណ្តា​ទីផ្សារ​នៅ​ទូទាំងប្រទេស​។ ​បន្ទាប់ពី​បាន​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ​អាល់កុល​ក្លែងក្លាយ​(​មេ​តា​ណុល​) ចំនួន ១៥៧​ប៊ីដុង ស្មើនឹង​៤ ៧១០​លីត្រ នៅ​ទីតាំង​ផ្ទះមួយ​កន្លែង​ស្ថិតនៅក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​បន្ទាប់មក មន្ត្រី​ជំនាញ​បានធ្វើការ​ស៊ើបអង្កេត​ប​ន្ត និង​បានកំណត់​ទីតាំង​ឃ្លាំង​ស្តុក​អាល់កុល​មួយកន្លែង​ទៀត ហើយ​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ទទួលបាន​ការចូលរួម​ពី​មន្ត្រី​នគរ​បាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ និង​សង្កាត់ មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ​មួយកន្លែង​ស្ថិតនៅ​ក្នង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយបាន​រកឃើញ​អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល​ចំនួន ៣៧៥​ប៊ីដុង ស្មើនឹង ១១ ២៥០​លីត្រ​។​

​លទ្ធផល​សរុប​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ទាំង​២​ថ្ងៃនេះ មន្ត្រី​ជំនាញ បាន​រកឃើញ និង​រឹប​អូ​ល​អាល់កុល​ក្លែងក្លាយ​ចំនួន ១៥ ៩៦០​លីត្រ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close