ក្រសួង​អប់រំ ច្រានចោល​លិខិត​ក្លែងក្លាយ​ដែល​ផ្សព្វផ្សាយ​ថា សិស្ស​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប និង​ឌី​ប្លូ​ម ឆ្នាំនេះ​កំណត់​ឲ្យ «​ជាប់​ជា​ស្ថាពរ​»

ក្រសួង​អប់រំ ច្រានចោល​លិខិត​ក្លែងក្លាយ​ដែល​ផ្សព្វផ្សាយ​ថា សិស្ស​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប និង​ឌី​ប្លូ​ម ឆ្នាំនេះ​កំណត់​ឲ្យ «​ជាប់​ជា​ស្ថាពរ​»

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង កីឡា បាន​ច្រានចោល​លិខិត​ក្លែងក្លាយ​ដែល​ផ្សព្វផ្សាយ​ថា សិស្ស​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប និង​ឌី​ប្លូ​ម ឆ្នាំនេះ​កំណត់​ឲ្យ «​ជាប់​ជា​ស្ថាពរ​»​។​

​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង កីឡា បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា​នេះ ថា លិខិត​មួយ​ដែល​បញ្ជាក់ថា «​សិស្ស​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ទាំងអស់​នៅ​ឆ្នាំ​ហ្នឹង​ជាប់​ជា​ស្ថាពរ​នោះ​គឺជា លិខិត​ក្លែងក្លាយ​នោះទេ ខណៈ​ក្រសួង​អប់រំ​នៅតែ​បន្ត​លើក​គុណភាព​ការប្រឡង​ដដែល ដើម្បី​ទទួលបាន​ធនធាន​ដែលមាន​សមត្ថភាព​ពិតប្រាកដ​»​។​

​សូមបញ្ជាក់ថា ថ្មីៗ​នេះ​មានការ​ចែកចាយ​នូវ​លិខិត​ក្លែងក្លាយ​មួយ​ដោយ​បញ្ជាក់​ពី ការជូនដំណឹង​ស្តី​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ការប្រឡង​សញ្ញា​បត មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០២១-២០២២ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ចុះ​ថ្ងៃទី​២៧ ខែតុលា បាន​បង្ហាញថា ដោយ​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​ការប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​បឋមភូមិ ឆ្នាំ​សិក្សា ២០២១-២០២២ ក្រសួង​អប់រំ យុវជន និង​កីឡា​កំណត់​ឲ្យ «​ជាប់​ជា​ស្ថាពរ​» ចំពោះ «​បេក្ខជន​ទាំងអស់ ដែល​បាន​ចុះឈ្មោះ​ប្រឡង​» ដោយ​គ្មាន​ការកំណត់​និទ្ទេស​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close