កម្ពុជាចាក់វ៉ាក់សាំងកូវីដ១៩ជូនដល់ពលរដ្ឋគ្រប់តាមផែនការ១០លាននាក់ហើយ
ទីបំផុតទៅ កម្ពុជាបានចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ពលរដ្ឋគ្រប់តាមផែនកំណត់១០លាននាក់ហើយ ដោយកាលពីថ្ងៃម្សិលមិញ គេបានរកឃើញអ្នកចាក់វ៉ាក់សាំងលេខរៀងទី១០លាន គឺអ៊ុំស្រីឈ្មោះ សុខ ផាត់ អាយុ៨៩ឆ្នាំរស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងនៅលើបណ្តាញសង្គមថា នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។ ទោះបីយើងចាក់វ៉ាក់សាំងបានជាង១០លាននាក់ស្មើនឹងជាង១០០%នៃចំនួនគ្រោងដំបូងក៏ដោយ ក៏យើងនៅមានប្រជាជនរាប់មុឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំង ដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នា។
ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើងចំនួនជាង១០លាននាក់បានចាក់វ៉ាក់សាំង យើងក៏បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២ទៅ១៨ឆ្នាំបានចំនួន១.៧៨៨.៨០២នាក់ដែលស្មើនឹង៩៧.៨៩%និងកុមារអាយុពី៦ដល់១២បានចំនួន១.៩២០.៥៩៩នាក់ស្មើនឹង១០១.២២%។
គិតសរុបយើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន១៣.៧០៩.៤៨៧នាក់ស្មើនឹង៨៥.៦៨%នៃប្រជាជនសរុប១៦លាននាក់។
កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូសទី២សម្រាប់អ្នកដែលបានចាក់ដូសទី១ និងបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។
វាកាន់តែសំខាន់ជាងនេះទៀតគឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាជនយើងឱ្យខាងតែបានដែលមកដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត១០លានដូសនិងមានមនុស្សបានចាក់ វ៉ាក់សាំងដូសទី៣ប្រមាណជិត២លាននាក់រួចមកហើយ។ វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះ សម្តេចតេជោក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិបន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ៣ការពារនិង៣កុំ ព្រោះថា វ៉ាក់សាំងតែមួយមុខបើទោះបីចាក់បានប៉ុន្មានដូសរហូតមុជវ៉ាក់សាំងក៏មិនអាចការពារបានដែរ ប្រសិនជាបងប្អូនធ្វេសប្រហែសបោះបង់ចោលវិធីការពារខ្លួនតាមរយៈវិធានការ៣ការពារ និង៣កុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។