កម្ពុជា បាននាំចេញអង្ករទៅទីផ្សារក្រៅប្រទេសជាង ៤៦ម៉ឺនតោន ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១
ភ្នំពេញ៖ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេសមានចំនួន ៤៦០ ១៦៩តោន បើគិតជាទឹកប្រាក់មានចំនួន មានចំនួន ៣៩២ ៩៨៤ ៣២៦ដុល្លារអាមេរិក មានការថយចុះចំនួន ៧៦ ១៣៦តោន (-១៤,២០%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០ ដែលមានចំនួន ៥៣៦ ៣០៥តោន។
របាយការណ៍បញ្ជាក់ថា ការនាំចេញអង្ករ ក្នុងខែតុលា ឆ្នាំ២០២១ មានចំនួន ៤៩ ៤៧១តោន កើនឡើងចំនួន ១ ៩៤១តោន (៤,០៨%) បើធៀបនឹងខែតុលា ឆ្នាំ២០២០ ដែលមានចំនួន ៤៧ ៥៣០តោន។ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣២៧ ០៣២តោន ស្មើនឹង ៧១,០៧% អង្ករសគ្រប់ប្រភេទមានចំនួន ១២៤ ៧១៤តោន ស្មើនឹង ២៧,១០% និងអង្ករចំហុយមានចំនួន ៨ ៤២៣តោន ស្មើនឹង ១,៨៣%។
បរិមាណអង្ករ បាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២២ប្រទេស មានបរិមាណសរុបចំនួន ១១៥ ៤៧៦តោន (ថយចុះចំនួន ៥៨ ៩១៥តោន ស្មើនឹង -៣៣,៧៨%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២២៩ ១៧៧តោន (កើនឡើងចំនួន ៣៤ ៧២៦តោន ស្មើនឹង ១៧,៨៦%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៤៣ ៧៩០តោន(ថយចុះចំនួន ២៨ ០៩២តោន ស្មើនឹង -៣៩,០៨%) និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៧១ ៧២៦តោន (ថយចុះចំនួន ២៣ ៨៥៥តោន ស្មើនឹង -២៤,៩៦%)។
ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦០ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៣៣៨ ៥៩៤តោន (៧៣,៥៨%) និងក្រុមហ៊ុន៥០ដទៃទៀតបាននាំចេញត្រឹមតែ ១២១ ៥៧៥តោន (២៦,៤២%)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។