ពេញមួយខែតុលា! ភ្ញៀវជាង ១លាន៤៨ម៉ឺននាក់ ចេញដើរកម្សាន្ត!
ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែតុលា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ១៩៣,៤១៧ នាក់ កើនឡើង ៣៨.២៨% ធៀបនឹងចុងសប្តាហ៍ទី៣នៃខែតុលា។
ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងនោះមានភ្ញៀវជាតិ ១៨៨,៤៧២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤,៩៤៥ នាក់។ ចំនួនភ្ញៀវទេសចរបរទេសផ្ទៃក្នុងនៅចុងសប្ដាហ៍ទី៤នៃខែតុលានេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា រយៈពេលពេញមួយខែតុលា ឆ្នាំ២០២១ ភ្ញៀវសរុបដែលបានចេញដើរកម្សាន្តមានចំនួន ១,៤៨៣,០៩៩ នាក់ កើនឡើង ៤០៣.១៦% ពោលគឺកើនឡើងប្រមាណ៤ដង ធៀបនឹងខែកញ្ញាកន្លងមក។
គោលដៅទេសចរណ៍សំខាន់ៗក្នុងខែតុលា រួមមាន៖
* ខេត្តកំពត៖ ២៣០,០៤៦ នាក់
* ខេត្តព្រះសីហនុ៖ ១៩៨,៩៦៥ នាក់
* ខេត្តកែប៖ ១៤៨,២១៣ នាក់
* រាជធានីភ្នំពេញ៖ ១២២,៣១៥ នាក់
* ខេត្តពោធិ៍សាត់៖ ១០៨,១៤០ នាក់
* ខេត្តសៀមរាប៖ ៨៣,៣៩៤ នាក់
* ខេត្តបាត់ដំបង៖ ៧៤,៣៧១ នាក់
* ខេត្តកំពង់ចាម៖ ៧២,១២៩ នាក់។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានបង្ហាញការកត់សម្គាល់ដែរថា ចំនួនទេសចរណ៍ផ្ទៃក្នុងដែលមានចំនួនច្រើនក្នុងខែតុលានេះ គឺបានមកអាស្រ័យដោយរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេសបើកដំណើរការឡើងវិញតាមគន្លងប្រក្រតីភាពថ្មី ខណៈដែលវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្ត ពាក់ព័ន្ធនឹងការផ្អាកដំណើរការរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក៏ត្រូវបានបិទបញ្ចប់ ស្របពេលដែលខែតុលានេះមានថ្ងៃឈប់សម្រាកច្រើន ពិសេសពិធីបុណ្យភ្ជុំបិណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។