ករណីផ្ទុះគ្រាប់បែក! រងរបួសក្មេង ៣នាក់ នៅស្រុកបូទុមសាគរ
ខេត្តកោះកុង៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នៅចំណុចជិតទាទឹកតាមបណ្តោយផ្លូវសាយភូថង ស្ថិតនៅភូមិជីត្រេះឃុំអណ្តូងទឹក ស្រុកបូទុមសាគរ មានករណីផ្ទះគ្រាប់បែកកើតឡើង ០១ករណី បង្កឡើងដោយក្មេងប្រុស ៣នាក់៖
១.ឈ្មោះ ឡូ ឡុយ ភេទប្រុស អាយុ ១២ឆ្នាំ
២.ឈ្មោះ ជិន អេ ភេទប្រុស អាយុ ១៣ឆ្នាំ
៣.សាយ សុវណ្ណារ៉ា ភេទប្រុស អាយុ ១៣ឆ្នាំ។
ក្មេងរងគ្រោះទាំង ៣នាក់នេះ ខណៈពេលពួកគេដើរឃ្វាលក្របី បានប្រទះឃើញគ្រាប់បែកនៅក្នុងគម្ពោតព្រៃ ក៏បានយកមកបោះលេងដាក់គ្នាទៅវិញទៅមកពេលនោះមានម្នាក់ចាប់មិនជាប់ក៏ធ្លាក់ទៅដី បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ទាំង៣នាក់តែម្តង។
ក្រោយពេលកើតហេតុ អាណាព្យាបាល បានយកមកព្យាបាលរបួសនៅមណ្ឌលសុខភាពអណ្តូងទឹក ដោយអ្នកជំងឺមានអាការៈធ្ងន់ធ្ងរពេក គ្រូពេទ្យក៏បានបញ្ចូនបន្តទៅមន្ទីពេទ្យបង្អែកស្រែអំបិល ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំប៉ះពាល់នៅពេលឃើញមីននិងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។