​ជ្រូក​កណ្ដុរ​ក្លាស្សេ ១៦០​ក្បាល ដឹកចេញពីថៃ ត្រូវ​សមត្ថកិច្ច​ ឃាត់​ដុត​កំទេចចោល​

​បន្ទាយមានជ័យ​៖ ជ្រូក​កណ្ដុរ​ក្លាស្សេ​ចំនួន ១៦០​ក្បាល ដឹក​តាម​រថយន្ត​១​គ្រឿង នាំចូល​តាម​ច្រករបៀង​ចេញពី​ប្រទេស​ថៃ ត្រូវបាន​នគរបាល​ខេត្តបន្ទាយមានជ័យ ឃាត់​បាន​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​០៤ ខែវិច្ឆិការ ឆ្នាំ​២០២១ នៅត្រង់ចំណុច​មុខ​វត្ត​ខ្លែង​ពណ៍ ភូមិ​ខ្លែង​ពណ៍ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន កំលាំង​សមត្ថកិច្ច​ចម្រុះ បានចេញ​ស្ទាក់​បាប់​បាន​រថយន្ត​១​គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៍​សំបក​ឳ​ឡឹ​ក ពាក់​ស្លាក​លេខ ពោធិ៍សាត់ 2A-1140 នៅត្រង់ចំណុច​មុខ​វត្ត​ខ្លែង​ពណ៍ ភូមិ​ខ្លែង​ពណ៍ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក និង​ឃាត់ខ្លួន​អ្នកបើកបរ​ម្នាក់ ឈ្មោះ យ​ន​សា​ម៉េ​ត អាយុ ៣៧​ឆ្នាំមាន​ទីលំនៅ នៅ​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ក្រោយពី​ឃាត់​រថយន្ត​ហើយ​កម្លាំងចម្រុះ​ឆែកឆេ​ក្នុង​រថយន្ត​រកឃើញ ជ្រូក​ក្លាស្សេ​ចំនួន ១៦០​ក្បាល​។​

​ក្រោយពី​ពិនិត្យ​ជាក់ស្ដែង​ឃើញថា ពុំមាន​លិខិត​អនុញ្ញាតិ​ឲ្យ​ដឹកជញ្ជូន​និង​មានការ​ដឹកជញ្ជូន​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស មានការ​ប្រែប្រួល​សភាព​ដើម និង​មាន​ក្លិនស្អុយ ទើប​មន្ត្រី​ចម្រុះ​បានធ្វើការ​សម្រេច​ដុត​កំទេចចោល នៅវេលា​ម៉ោង ១២ និង ៣០​នាទី រសៀល នៅ​ថ្ងៃទី ០៤ ខែវិច្ឆិការ ឆ្នាំ​២០២១ តែម្តង ។​ចំណែក​ម្ចាស់​រថយន្ត​និង​រថយន្ត​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រៀបចំ​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close