ឈ្លោះគ្នាក្នុងវង់ផឹកស៊ីនៅ​បារថិមភល ប៉ូលិស​ដកកាំភ្លើងបាញ់ត្រូវ​ជាងភ្លើងម្នាក់រងរបួសធ្ងន់

កាលពីវេលាម៉ោងប្រមាណ៣ទៀបភ្លឺថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីបាញ់ប្រហារមួយ​បានកើត​ឡើង​ នៅចំណុចភោជនីដ្ឋានថិមភល ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយសង្គំ ក្រុងសៀមរាប ដោយ​បណ្តាល​ឲ្យ​បុរស​ម្នាក់រងរបួស។

បើតាម​របាយការណ៍សមត្ថកិច្ច​ថា ករណីបាញ់បោះនេះ ជនរងគ្រោះ ឈ្មោះភាព ប៊ុណ្ណារឹទ្ធ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរជាងភ្លេីង នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានជនដៃដល់ដែលតួនាទីជាសមត្ថកិច្ច​បាញ់ចំក្រោមក្លៀកខាងឆ្វេង១គ្រាប់រងរបួសធ្ងន់ ហើយ​បច្ចុប្បន្ន​កំពុងសង្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

យ៉ាងណាក៏ដោយ បើតាម​លោក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្តសៀមរាបថា ករណីនេះ ជនសង្ស័យត្រូវបានប៉ូលិសព្រហ្មទណ្ឌខេត្តសៀមរាបចាប់ខ្លួនបានហើយ។

តាមលោកស្នងការរងថា ករណីនេះ ដំបូង​ផ្តើមឡើយ​គឺផ្តើម​ពីអំពើហិង្សា វាយគ្នា រួចក៏​ឈានដល់ការបាញ់។ តែយ៉ាងណា ពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេតហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close