ចិន បាញ់​បង្ហោះ​ផ្កាយរណប​វិទ្យាសាស្ត្រ ឡើងទៅ​កាន់​ទី​អវកាស​

​ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​ផ្កាយរណប​វិទ្យាសាស្ត្រ​មួយគ្រឿង​ឡើងទៅ​កាន់​ទី​អវកាស ដែល​វា​នឹង​ជួយ​ប្រទេស​នានា សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព របស់​អង្គការសហប្រជាជាតិ (UN)​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន CGTN នៅ​ថ្ងៃ​សុក្រ ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​ផ្កាយរណប​ខាងលើ ដែលមាន​ឈ្មោះថា SDGSAT-1 ត្រូវបាន​នាំយក​ឡើងទៅ​កាន់​ទី​អវកាស តាមរយៈ​គ្រាប់​រ៉ុក្កែត Long March-6 ចេញពី​មូលដ្ឋាន​បង្ហោះ​ផ្កាយរណប តៃ​យ័ន (Taiyuan) នៃ​ខេត្ត​សាន​ស៉ី (Shanxi) របស់​ប្រទេស​ចិន កាលពី​ថ្ងៃទី​៥ វិច្ឆិកា​។​

​វា​គឺជា​ផ្កាយរណប​ដំបូង​បំផុត​របស់​ផែនដី ដែលមាន​គោលដៅ​ជួយ​សម្រេច​គោលដៅ​ទាំង​១៧ នៅក្នុង​របៀបវារៈ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ឆ្នាំ​២០៣០ ដែល​កំណត់ដោយ UN កាលពី​ឆ្នាំ​២០១៥ ដើម្បី​ជំរុញ​សកម្មភាព ក្នុងការ​ដោះស្រាយ​បញ្ហា​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន សម្រាប់​មនុស្សជាតិ​យើង ក៏ដូចជា​សម្រាប់​ភពផែនដី​ទាំងមូល​។​

​ផ្កាយរណប SDGSAT-1 មាន​បំពាក់​នូវ​ឧបករណ៍​ទំនើបៗ​ជាច្រើន ដើម្បី​អង្កេត​មើល​ការប្រែប្រួល​ផ្នែក​បរិស្ថាន​លើ​ផែនដី ដែល​ពាក់ព័ន្ធ​ជាមួយ​ប្រព័ន្ធ​អេកូ​ឡូ​ស៉ី​នៅតាម​ឆ្នេរសមុទ្រ ហើយ​និង​សកម្មភាព​របស់​មនុស្ស ដូចជា ការធ្វើ​នគរូបនីយកម្ម ការរស់នៅ និង​ការប្រើប្រាស់​ថាមពល​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close