តំបន់អាស៊ីនិងអឺរុបកំពុងប្រឈមនឹងការវាយលុកនៃគ្រុនផ្តាសាយបក្សី
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះអង្គការពិភពលោកសម្រាប់សុខភាពសត្វ (OIE)បានប្រកាសថា មានករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សីជាទ្រង់ទ្រាយធំនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។
សារព័ត៌មាន CNN បានផ្សាយថា ការឆ្លងរាលដាលនៃជំងឺគ្រុនផ្តាសាយបក្សា គឺជាការគំរាមកំហែងដល់បណ្តាកសិដ្ឋានចិញ្ចឹមសត្វ ។ការឆ្លងនេះធ្វើឲ្យវិស័យឧស្សាហកម្មបសុបក្សីស្ថិតក្នុងភាពប្រុងប្រយ័ត្នយ៉ាងខ្លាំង បន្ទាប់ពីការផ្ទុះឡើងលើកមុនៗ ដែលបាននាំឱ្យមានការសម្លាប់សត្វបក្សី រាប់សិបលានក្បាល។ ការផ្ទុះឡើងក៏នាំឱ្យមានការរឹតបន្តឹង ផ្នែកពាណិជ្ជកម្មផងដែរ។ វាក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ អ្នកជំនាញខាងផ្នែកជំងឺឆ្លងផងដែរ ព្រោះជំងឺនេះអាចចម្លងទៅមនុស្សបាន។ រហូតមកដល់ពេលនេះ ប្រទេសចិនបានរាយការណ៍ពីការរកឃើញ ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី (H5N6) ទៅកាន់មនុស្សចំនួន ២១នាក់រួចមកហើយ។
អង្គការ OIE បានប្រកាសថា អាជ្ញាធរកូរ៉េខាងត្បូងថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការរកឃើញ ការផ្ទុះឡើងនូវជំងឺគ្រុនផ្ដាសាយបក្សី នៅកសិដ្ឋានចិញ្ចឹមមាន់ប្រហែល ៧៧០,០០០ក្បាល ស្ថិតក្នុងខេត្ត ឆឹងឆុងបាក់ដូ (Chungcheongbuk-do) ហើយសត្វមាន់ទាំងអស់នោះ ត្រូវបានយកទៅសម្លាប់ចោលតែម្ដង។
អង្គការ OIE បានគូសបញ្ជាក់បន្ថែមថា ប្រទេសជប៉ុនក៏បានរាយការណ៍ពីការរកឃើញ ការផ្ទុះឡើងនូវជំងឺគ្រុនផ្ដាសាយបក្សីជាលើកដំបូងរបស់ខ្លួន សម្រាប់រដូវរងា ឆ្នាំ២០២១នេះផងដែរ នៅកសិដ្ឋានចិញ្ចឹមមាន់មួយ នៅភាគឦសាននៃប្រទេស។ ការផ្ទុះឡើងនេះ គឺជាជំងឺគ្រុនផ្ដាសាយបក្សី «H5N8»។
ចំណែកនៅទ្វីបអឺរ៉ុប ប្រទេសន័រវេសបានរាយការណ៍ពីការរកឃើញ ការផ្ទុះឡើងនូវជំងឺគ្រុនផ្តាសាយបក្សី (H5N1) នៅក្នុងតំបន់ រ៉ូហ្គាលែន (Rogaland) ក្នុងហ្វូងសត្វបក្សីចំនួន ៧,០០០ក្បាល ខណៈប្រទេសប៊ែលហ្ស៉ិក បានដាក់ប្រទេសក្នុងភាពអាសន្ន ចំពោះមុខការកើនឡើងនៃជំងឺគ្រុនផ្តាសាយបក្សី ដោយបញ្ជាឱ្យរក្សាទុកសត្វបក្សីទាំងអស់ នៅទីកន្លែងបិទជិត នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីជំងឺគ្រុនផ្តាសាយបក្សីប្រភេទផ្សេងៗគ្នា ត្រូវបានរកឃើញនៅលើសត្វក្ងានព្រៃ នៅជិតទីក្រុង Antwerp៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។