អភិបាលខេត្ត​កំពង់ចាម សាងសង់​វិមានឯករាជ្យ ទុកជា​សម្បត្តិ​វប្បធម៌​ទេសចរណ៍​ប្រវត្តិសាស្ត្រ

​ខេត្តកំពង់ចាម​៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បានរៀបចំ​សាងសង់​វិមានឯករាជ្យ ស្ថិតនៅក្នុង ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដើម្បី​ទុកជា​សម្បត្ដិ​វប្បធម៌​ទេសចរណ៍ ប្រវត្តិសាស្ត្រ ។ ការគ្រោង​សាងសង់​សំណង់​ប្រវត្តិសាស្ត្រ​នេះ ធ្វើឡើង ខណៈពេលដែល ឯកឧត្តម ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​ទីតាំង កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ថា ការរៀបចំ​សាងសង់​វិមានឯករាជ្យ​នេះ អាជ្ញាធរខេត្ត មានបំណង​ទុកជា​សម្បត្តិ​វប្បធម៌​ទេសចរណ៍ គឺ​សំដៅ​ទៅលើ​ទីក្រុង​ស្អាត និង​ប្រវត្តិសាស្ត្រ​។ គោលដៅ​មួយទៀត ដើម្បី ទុកជា​កន្លែង​បូជា ជាពិសេស នៅពេលដែល​អាជ្ញាធរ ខួបកំណើត នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ដែលជា​ស្នាម​ព្រហស្ថ របស់ ព្រះ​រម​រតន​កោដ្ឋ ព្រះបាទ ន​រោ​ត្ដម សីហនុ ដែល​ព្រះអង្គ បាន​ដណ្ដើម​ឯករាជ្យ ពី​អាណានិគម​បារាំង នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ផងដែរ ។​

​បើតាម លោក ចាន់ ផល្លី អភិបាលក្រុង​កំពង់ចាម​បាន​បញ្ជាក់ថា ទីតាំង​ដែល ឯកឧត្តម អភិបាលខេត្ត សម្រេច​សាងសង់​វិមានឯករាជ្យ គឺ​ស្ថិតនៅ​ចំណុច​ផ្លូវ​កៅស៊ូ មាត់ច្រក​ចូលទៅ​កាន់​សាលា​គរុកោសល្យ ខេត្តកំពង់ចាម ។

​ជាមួយ​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សាងសង់​ពង្រីក​ផ្លូវជាតិ ឱ្យបាន​ធំ​ទូលាយ ចាប់ពី​ចំណុច​នាគព័ន្ធ រហូត មកដល់​ចំណុច​ទន្លេ​អុំ ដើម្បី បង្កើន​សោភ័ណភាព នៃ​ចំណុច​វិមានឯករាជ្យ ឲ្យ​ក្លាយទៅជា​កន្លែង​ទេសចរណ៍ ប្រជាពលរដ្ឋ មក​កម្សាន្ត ផងដែរ ។
​លោក​អភិបាលក្រុង បានបញ្ជាក់​ទៀតថា តាម​ការរំពឹងទុក វិមានឯករាជ្យ​នេះ ឯកឧត្តម អភិបាលខេត្ត តម្រូវ​ឲ្យ​ជាង​សាងសង់​រួចរាល់ មុន​ថ្ងៃទី​០៩ ខែវិច្ឆិកា​ឆ្នាំ ២០២២ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close