កម្ពុជា បញ្ជូនកងទ័ពមួកខៀវ ៧៣នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង
ភ្នំពេញ៖ កងអនុសេនាធំរាជអាវុធហត្ថលេខ១៨៦ ដែលជាកងទី៩ និងមានកម្លាំងសរុបចំនួន ៧៣នាក់ (នារីចំនួន ២៨នាក់) បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពអស់រយៈពេល១ឆ្នាំប្រកបដោយជោគេជ័យ ដូចបណ្តាកងមុនៗ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន បានទៅទទួលកងអនុសេនាធំរាជអាវុធហត្ថលេខ១៨៦ នៅព្រលានយន្តហោះ VIP។
សូមជម្រាបថា ជាមួយនឹងវិលត្រលប់មកវិញនេះ ក៏នឹងមានការបញ្ជូនកងអនុសេនាធំសរាជអាវុធហត្ថលេខ៧៣៩ ជាកងទី១០ ដែលមានកម្លាំងសរុប ៧៣នាក់ (នារី៣៤នាក់) ទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ដែលជាកងប្តូរវេនជំនួសកងអនុសេនាធំរាជអាវុធហត្ថលេខ១៨៦ មានកម្លាំងសរុបចំនួន ៧៣នាក់ ដែលបានធ្វើមាតុភូមិមកដល់កម្ពុជាវិញផងដែរ។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចំនួន ៧,៨៩៩នាក់(នារី ៥២៨នាក់)។ ចំពោះកងកម្លាំងមួកខៀវកំពុងបំពេញបេសកកម្មក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ មានចំនួន ៧៨៧នាក់(នារី ១១១នាក់)។ សម្រាប់ឆ្នាំ២០២១ ជាឆ្នាំទី១០ នៃការចូលរួមបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS) ដែលមានចំនួនសរុប ៧៣០នាក់ (នារី១២៤នាក់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។