យោធា​មី​យ៉ាន់​ម៉ា​ចោទប្រកាន់​ថែមទៀត ពីបទ​បន្លំ​ការបោះឆ្នោត កាលពី​ឆ្នាំ​២០២០ ទៅលើ​លោកស្រី​អោ​ង​សាន​ស៊ូ​ជី​

​យោធា​មី​យ៉ាន់​ម៉ា ទើបតែ​បានធ្វើការ​ចោទប្រកាន់​ប​ន្ថែ​ម​ទៀត លើ​អតីត​មេដឹកនាំ​មី​យ៉ាន់​ម៉ា លោកស្រី អោ​ង​សាន ស៊ូ​ជី ពីបទ​បន្លំ​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០២០​។​

​ចាប់​តាំងតែ​ពី​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​អំណាច កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១​នេះ លោកស្រី ស៊ូ​ជី ដែល​កំពុង​បន្ត​ស្ថិតក្រោម​ការឃុំ​ឃាំង បាន​រង​ការចោទប្រកាន់​ជា​បន្តបន្ទាប់ រួមមាន​ទាំង​បទ​កាន់កាប់​ឧបករណ៍​វិទ្យុទាក់ទង​ដោយ​ខុសច្បាប់​, បទ​ញុះញង់​ឲ្យ​មាន​អំពើ​បះបោរ​, និង​បទ​ពុករលួយ ជាដើម ហើយ​ប្រសិនបើ​ត្រូវ​តុលាការ រកឃើញថា​មាន​កំហុស​មែន​នោះ គឺ​លោកស្រី អាច​ប្រឈម​ការជាប់​ពន្ធនាគារ​រាប់សិប​ឆ្នាំ​។​

​នៅ​ថ្ងៃ​អង្គារ​នេះ សារព័ត៌មាន​រដ្ឋ​មី​យ៉ាន់​ម៉ា Global New Light of Myanmar បាន​រាយការណ៍​ថា លោកស្រី ស៊ូ​ជី ទើប​រង​ការចោទប្រកាន់​ថ្មី​ទៀត​ពី បទ​បន្លំ​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០២០​។ ក្រៅពី​លោកស្រី មន្ត្រី​១៥​រូប​ទៀត រួមមាន​ទាំង អតីត​ប្រធានាធិបតី លោក យូ វីន ម្យី​ន​ត៍ (U Win Myint) ហើយ​និង​អតីត​ប្រធាន​គណៈកម្មការ​បោះឆ្នោត ក៏បាន​រង​ការចោទប្រកាន់​ដូចគ្នានេះដែរ​។​

​គួរ​បញ្ជាក់ថា គណបក្ស NLD របស់លោក​ស្រី ស៊ូ​ជី បាន​មើលឃើញ​ការគាំទ្រ​កើនឡើង​យ៉ាង​លើសលុប ក្នុងការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០២០ បើ​ធៀប​ការបោះឆ្នោត​ឆ្នាំ​២០១៥​។ យ៉ាងណាក្តី យោធា​មី​យ៉ាន​ម៉ា បាន​អះអាងថា ការ​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ ទទួលបាន​ដោយ​ការបន្លំ ដូច្នេះហើយ​ទើប​ខ្លួន​សម្រេចចិត្ត​ធ្វើ​រដ្ឋប្រហារ ដើម្បី​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​លោកស្រី ស៊ូ​ជី​។ ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា លោក មីន អោ​ង ហ្លេ​ង បាន​សន្យាថា ការបោះឆ្នោត​ថ្មី​មួយ នឹង​រៀបចំឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​៕

This screengrab provided via AFPTV and taken from a broadcast by Myanmar Radio and Television (MRTV) in Myanmar on May 24, 2021 shows detained civilian leader Aung San Suu Kyi (2nd L) during her first court appearance in Naypyidaw, since the military detained her in a coup on February 1. (Photo by Handout / various sources / AFP) / —–EDITORS NOTE — RESTRICTED TO EDITORIAL USE – MANDATORY CREDIT “AFP PHOTO / Myanmar Radio and Television via AFPTV ” – NO MARKETING – NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS (Photo by HANDOUT/Myanmar Radio and Television/AFP via Getty Images)


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close