៤​ថ្ងៃ​! ខេត្តសៀមរាប ទទួលភ្ញៀវ​ទេសចរ​ជាង ១៤​ម៉ឺន​នាក់​

​ខេត្តសៀមរាប​៖ តាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​មួយថ្ងៃ គឺ​ថ្ងៃអាទិត្យ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១ បន្ទាប់ពី​ចប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង អកអំបុក សំពះ​ព្រះ​ខែ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្តសៀមរាប មាន​ចំនួន ២៣.០៧៣​នាក់ ដែល​ភាគច្រើន​ធ្វើដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​។​

​របាយការណ៍​បាន​បញ្ជាក់ថា ភ្ញៀវទេសចរ​ជាង ២​ម៉ឺន​នាក់​នោះ ភ្ញៀវ​ជាតិ​មាន​ប្រមាណ ២៣.០០០​នាក់ និង​ភ្ញៀវទេសចរ​បរទេស​ផ្ទៃក្នុង មាន​ចំនួន ៧៣​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​មកពី​តាម​បណ្ដា​ខេត្ត​មាន​ប្រមាណ​ពី​២៥ ទៅ​៣០​ភាគរយ ស្មើនឹង​ប្រមាណ​ពី ៦.០០០​ទៅ​៧.០០០​នាក់ បានធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ប្រមាណ ១៤.០០០​នាក់ , រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន មាន​ចំនួន​ប្រមាណ ២.៧០០​នាក់ និង សហគមន៍​ទេសចរណ៍​-​អេកូ​ទេសចរណ៍ និង​តំបន់់​ផ្សេងៗ មាន​ចំនួន​ប្រមាណ ៦.៣០០​នាក់ ។​

​គួររំលឹកថា បើ​បូក​បន្ថែមនឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង អកអំបុក សំពះ​ព្រះ​ខែ​ផង​នោះ​ឃើញថា ក្នុង​រយៈពេល ៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២១ ខែ វិច្ឆិកា ឆ្នាំ​២០២១​នេះ ខេត្តសៀមរាប មាន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​នេះ មាន​ចំនួន ១៤១.២១៩​នាក់ និង ភ្ញៀវទេសចរ​បរទេស​ផ្ទៃក្នុង មាន​ចំនួន ១,២១៩​នាក់ ក្នុងនោះ ៖ ភ្ញៀវរ​ជាតិ​មាន​ចំនួន​ប្រមាណ ១៤០,០០០​នាក់ ដែល​ភ្ញៀវទេសចរ​មកពី​តាម​បណ្តា​ខេត្ត​នានា មាន​ចំនួន​ប្រមាណ ៧០​ទៅ​៨០​ភាគរយ ស្មើនឹង​ប្រមាណ​ពី​១០០.០០០ ទៅ​១១០.០០០​នាក់ ហើយ​ពួកគាត់​បានធ្វើ​ដំណើរ​ក​ម្សា​ន្ត​ទៅកាន់​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ច្រើនជាងគេ គឺ​ប្រមាណ​ជា ៩៣.០០០​នាក់ បន្ទាប់មក​សហគមន៍​ទេសចរណ៍​-​អេកូ​ទេសចរណ៍ និង​តំបន់​ផ្សេងៗ មាន​ចំនួន​ប្រមាណ​ជា ៣១.៦០០​នាក់ និង​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​មាន​ចំនួន​ប្រមាណ​ជា ១៥.៤០០​នាក់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close