កម្ពុជា​-​ចិន ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច​

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន មេត្តា​ជ្រាបថា កាលពី​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក ស៊ូ ហ្សឹ​ង​តឺ នាយក​ក្រុម​សម្ព័ន្ធ​ត្រួតពិនិត្យ និង​បញ្ជាក់​គុណភាព​របស់​ចិន បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុម​សម្ព័ន្ធ​ត្រួតពិនិត្យ និង​បញ្ជាក់​គុណភាព​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន (CCIC) ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច តាម​ប្រព័ន្ធ​វីដេអូ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម សមាជិក​CCIC តំណាង CCIC ប្រចាំ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​។​

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ គឺជា​ឯកសារ​ក្របខណ្ឌ សម្រាប់​តម្រង់ទិស​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​វែង​សម្រាប់​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​។ អនុស្សរណៈ​នេះ​មាន​គោលដៅ​ធានា​នូវ​គុណភាព សុវត្ថិភាព​ផលិតផល​នាំចេញ​-​នាំចូល និង​បង្កើត​យន្តការ​សម្រាប់​តាមដាន​ប្រភព​នៃ​ផលិតផល ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងការ​លុបបំបាត់រ​បាំង​ពាណិជ្ជកម្ម និង​ជំរុញ​ការអភិវឌ្ឍន៍​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ទ្វេភាគី​ឱ្យបាន​កាន់តែ​ប្រសើរ និង​បម្រើឱ្យ​ផលប្រយោជន៍​នៃ​ប្រជាជន​ប្រទេស​ទាំងពីរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close