អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្តើម​ជួសជុល​ព្រះពុទ្ធ​បដិមា​ចំនួន​៣​អង្គ​បន្ថែមទៀត នៅ​រួត​បាកាណ ប្រាសាទអង្គរវត្ត​

​ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា សហ​ការណ៍​ជាមួយ​វិស័យ​ឯកជន បាន​ប្រារព្វ​ពិធី​ប្រុង​ពលី​បួងសួង​ទៅតាម​ប្រពៃណី​សាសនា កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅ ដើម្បី​ធ្វើការ​ជួសជុល​ព្រះពុទ្ធ​បដិមា​ចំនួន​៣​អង្គ នៅ​រួត​បាកាណ​ប្រាសាទអង្គរវត្ត​។

​ឯកឧត្តម យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ព្រះពុទ្ធ​បដិមា​ចំនួន​៣​អង្គ​នៅ​រួត​បាកាណ នៃ​ប្រាសាទអង្គរវត្ត​នេះ បាន​ខូចខាត​ទ្រុឌទ្រោម ដោយ​កត្តា​ធម្មជាតិ ទីកន្លែង​មាន​ជ្រាប​ទឹក ទឹក​ហូរ​ច្រោះ ដោយសារ​ទឹកនោម និង​លាមក​សត្វ​ប្រចៀវ ធ្វើឱ្យ​ព្រះពុទ្ធ​បដិមា​ពុកផុយ ទើបត្រូវ​ធ្វើការ​ជួសជុល​ឡើងវិញ បន្ទាប់ពី​អាជ្ញាធរ​ជាតិ​អប្សរា បានទទួល​ការឧបត្ថម្ភ​ថវិកា​សម្រាប់​ជួសជុល ពី​លោកជំទាវ​ឧកញ៉ា នាងវិសាខា​អគ្គ​មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភក៍ កិត្តិ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​។​

​ឯកឧត្តម​បន្តថា ក្រៅពី​ព្រះពុទ្ធ​បដិមា​នេះ អាជ្ញាធរ​ក៏​នឹង​ជួសជុល​ស៊ុម​ទ្រ ស៊ុមបង្អួច​វត្ថុ​សិល្បៈ​ផ្សេងៗ ដែល​នៅក្នុង​បរិវេណ​រួត​បាកាណ​នេះ​មួយចំនួន​ផងដែរ ដោយ​ដំណើរការ​ជួសជុល គ្រោង​ចំណាយ​ពេលវេលា​ប្រមាណ​៥​ខែ ទើប​រួចរាល់​។​

​សូម​ជម្រាបជូន​ថា បរិវេណ​រួត​បាកាណ ជាទី​សក្ការៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​តែងតែ​គោរពបូជា នៅពេល​មកដល់​ប្រាសាទអង្គរវត្ត ហើយ​ក្នុង​ដំណើរការ​ជួសជុល​នេះ មិន​ប៉ះពាល់​ការ​ទស្សនា​របស់​ភ្ញៀវទេសចរ​នោះទេ ដូច្នេះ​មិនមាន​ការបិទ​ឬ​ផ្អាក​ការ​ឡើងទៅ​ទស្សនា ឬ​ការធ្វើ​ពិធីបួងសួង​របស់​ប្រជាពលរដ្ឋ​ឡើយ​។​

​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ អ្នកជំនាញ​អភិរក្ស​ចម្លាក់ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល​រួចរាល់​ជា​ស្ថាពរ នូវ​ព្រះ​ពុទ្ធបដិមា​មួយអង្គ​នៅ​ទិស​ខាងត្បូង​នៃ​រួត​បាកាណ ដែលមាន​ការខូចខាត​ទ្រុឌទ្រោម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close