ស​ង្វែ​ក​ណាស់​! អ្នកទេសចរ ៤៦​នាក់​ស្លាប់​ដោយ​ឆេះ​រថយន្តក្រុង​នៅ​ប៊ុលហ្គារី​

​រថយន្តក្រុង​មួយគ្រឿង​បាន​ឆាប់ឆេះ​នៅលើ​ផ្លូវ​ល្បឿន​លឿន ស្ថិតនៅ​តំបន់​ភាគ​ខាងលិច​ប្រទេស​ប៊ុលហ្គារី បណ្តាល​ឲ្យ​មនុស្ស​នៅលើ​រថយន្ត ៤៦​នាក់​ស្លាប់ ។ ជនរងគ្រោះ​គឺជា​អ្នកទេសចរ​មកពី​តំបន់​ភាគ​ខាងជើង Macedonia​។​

​ហេតុ​ការគ្រោះថ្នាក់​ខាងលើ​កើតឡើង​នៅ​ថ្ងៃទី ២៣​ខែវិច្ឆិកា​។ មន្ត្រី​គ្រប់គ្រង​គ្រោះអាសន្ន​មកពី​ក្រសួងមហាផ្ទៃ​បុល​ហ្គា​រី លោក Nikolai Nikolov បាន​បញ្ជាក់ថា «​មាន​មនុស្ស ៤៥​នាក់​ស្លាប់ ក្រោយ​រថយន្ត​ឆាប់ឆេះ​។ នៅពេលនេះ​ក្រុម​ជំនាញ​កំពុងតែ​ស្រាវជ្រាវ ថា​តើ​រថយន្ត​ឆាប់ឆេះ​ហើយ​ទើប​ជួប​គ្រោះថ្នាក់ ឬ​គ្រោះថ្នាក់​បុក​បណ្តាល​ឲ្យ​ឆាប់ឆេះ​»​។ ក្រោយមក​ក្រសួងការពារជាតិ​ក៏បាន​ប្រកាស​របាយការណ៍​ចុងក្រោយ​ថា​មាន​អ្នកស្លាប់ ៤៦​នាក់ មិនមែន​៤៥​នាក់​ឡើយ​។​

​តាម​សារព័ត៌មាន The Guardian បាន​ផ្សាយ​ថា នៅពេល​គ្រោះថ្នាក់​នៅលើ​យន្ត​មាន​មនុស្ស​ដល់​ទៅ ៥៣​នាក់​។ ក្នុងចំណោម​អ្នកស្លាប់​មាន​កុមារ​ផងដែរ ចំណែក​អ្នករងរបួស ៧​នាក់​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​រដ្ឋធានី Sofia ដោយ​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះឡើយ​។​

​រដ្ឋមន្ត្រីការបរទេស Macedonia លោក Bujar Osmani បាន​បញ្ជាក់ថា ក្រុម​អ្នកទេសចរ​កំពុងតែ​ធ្វើដំណើរ​មកកាន់​ទីក្រុង Skopje ក្រោយ​ការឈប់​សម្រាក់​ចុង​សប្តាហ៍​នៅក្នុង​ទីក្រុង Istanbul ប្រទេស​តួ​ក​គី​។​

​នាយករដ្ឋមន្ត្រី ប៊ុលហ្គារី លោក Stefan Yanev បាន​ទៅកាន់​កន្លែងកើតហេតុ ត្រួតពិនិត្យ​ស្ថានភាព ។ គ្រោះថ្នាក់​នៅលើ​ផ្លូវ​ល្បឿន​លឿន Struma មាន​ចម្ងាយ​ពី​រដ្ឋធានី Sofia ៤៥​គីឡូម៉ែត្រ​នៅ​ភាគ​ខាងលិច​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close