ចំនួន​អ្នកស្លាប់ ដោយសារ​កូ​វីដ​១៩ នៅ​អឺរ៉ុប អាច​នឹង​កើន​ឡើងដល់ ២.២​លាន​នាក់​នៅត្រឹម​ខែមីនា ឆ្នាំ​២០២២

​ហ្សឺ​ណែវ​៖ អង្គការ​សុខភាព​ពិភពលោក (WHO) បញ្ជាក់ថា មនុស្ស​ប្រមាណ ៧០​ម៉ឺន​នាក់​អាច​នឹងត្រូវ​បាត់បង់​ជីវិត​ដោយសារតែ​ជំងឺ​កូ​វីដ​១៩​នៅក្នុង​តំបន់​អឺរ៉ុប គិត​ត្រឹម​ខែមីនា ឆ្នាំ​២០២២​ខាងមុខ ធ្វើអោយ​ចំនួន​អ្នកស្លាប់​សរុប​ទូទាំង​ទ្វីប​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​កើន​ដល់ ២.២​លាន​នាក់ ខណៈ​បណ្តា​ប្រទេស​ក្នុង​ប្លុក​នេះ ក៏​កំពុង​ជំ​រុញអោយ​ប្រជាជន​ទៅ​ចាក់​វ៉ាក់សាំង និង​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ផងដែរ​។​

​អង្គការ​សុខភាព​ពិភពលោក WHO បានចាត់ទុក​ស្ថានការណ៍​នេះ​ថា ធ្ងន់ធ្ងរ​ខ្លាំង និង​រំពឹងថា ការវាយប្រហារ​ដ៏​អាក្រក់ ឬ​ធ្ងន់ធ្ងរ​នឹង​កើត​ឡើងលើ​មន្ទីរពេទ្យ​ក្នុងប្រទេស ២៥ ក្នុងចំណោម​ប្រទេស ៥៣​ក្នុង​តំបន់ ហើយ​កន្លែង​សង្គ្រោះបន្ទាន់​ក្នុងប្រទេស ៤៩ ក៏​គ្របដណ្តប់​ដោយ​អ្នកជំងឺ​ផងដែរ​។

​អង្គការ​សុខភាព​ពិភពលោក បាន​និយាយថា ចំនួន​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ដ៏​ច្រើន ព្រមទាំង​ការថយចុះ​ការការពារ​នៃ​វ៉ាក់សាំង គឺជា​កត្តា​ដែល​ជំរុញឱ្យមាន​ករណី​ឆ្លង​ខ្ពស់​នៅក្នុង​ទ្វីបអឺរ៉ុប បូករួម​នឹង​ការផ្ទុះ​ឡើង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta និង​ការបន្ធូរបន្ថយ​វិធានការ​អនាម័យ​។

​ស្របពេល​ជាមួយគ្នានេះដែរ នាយក​អង្គការ​សុខភាព​ពិភពលោក WHO ប្រចាំ​ទ្វីបអឺរ៉ុប លោក Hans Kluge បាន​ជំរុញ​ឱ្យ​ប្រជាជន​ទៅ​ទទួល​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​១៩ និង​ចាក់​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​បន្ថែមទៀត ប្រសិនបើ​ត្រូវបាន​ផ្តល់ជូន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close