ថៃ​៖ កូ​វីដ​បំប្លែង​ថ្មី​អូ​មី​ក្រុង មិនអាច​រារាំង​គម្រោង​បើកទ្វារ​ប្រទេស​ឡើយ​

​បច្ចុប្បន្ន​មាន​ប្រទេស​ជាច្រើន​ចាត់វិធានការ​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩ បំប្លែង​ថ្មី Omicron ដែល​អង្គការ​សុខភាព​ពិភពលោក​ប្រកាសថា មាន​ហានិភ័យ​ខ្ពស់​។ ប្រទេស​ជាច្រើន​ក៏បាន​សម្រេច​រិត​ត្បិត​អ្នកដំណើរ​មកពី​ទ្វីបអាហ្វ្រិក ហើយ​ថៃ​ក៏​ដូចគ្នា​នោះដែរ​។ ប៉ុន្តែ​គម្រោង​បើកទ្វារ​ប្រទេស​ទទួល​អ្នកទេសចរ​ម​ក​ពី​តំបន់​ផ្សេង​ក្រៅពី​អាហ្វ្រិក​នៅតែ​ដំណើរការ​តាម​គម្រោង​ដដែល​។​

​រដ្ឋាភិបាល​ទីក្រុង​បាងកក់​បានប្រកាសថា នឹងមិន​ពន្យា​ពេល​បើកទ្វារ​ប្រទេស​នោះឡើយ​បើទោះបី​មាន​ករណី​ឆ្លង​កូ​វីដ ១៩ បំប្លែង​ថ្មី Omicron ក្តី​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថៃ លោក Phiphat Ratchakitprakar នៅ​ថ្ងៃទី​២៩​ខែវិច្ឆិកា​បានប្រកាសថា ប្រទេស​នេះ​នឹងមិន​ផ្លាស់ប្តូរ​គម្រោង​បើកទ្វារ​ប្រទេស​ដូច​ការគ្រោងទុក​នោះឡើយ​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថៃ​បាន​បញ្ជាក់ថា ក្នុង​ថ្ងៃ​ដំបូង​ដែល​បើកទ្វារ​វិស័យ​ទេសចរណ៍ ថៃ​ទទួលបាន​អ្នកទេសចរ​បរទេស​ជាង ១​សែន​នាក់ គឺ​កើនឡើង​៣​ដង ។ នេះ​ជា​ក្តីសង្ឃឹម​ដើម្បី​ដំណើរការ​សេដ្ឋកិច្ច​ប្រទេសជាតិ​ឡើងវិញ​។​

​តាម​គម្រោង ថៃ​នឹង​ទាក់ទាញ​អ្នកទេសចរ​ប្រមាណ ពី​៣​សែន​នាក់​ទៅ​៤​សែន​នាក់ នៅ​ចុងឆ្នាំ​២០២១​នេះ ពិសេស​ក្នុងឱកាស​បុណ្យ​គ្រិស្ត​ស្មាស់​។​

​ពាក់ព័ន្ធ​ករណី​ឆ្លង​កូ​វីដ ១៩ ក្នុងប្រទេស​ថៃ ក្រសួងសុខាភិបាល​ថៃ បានប្រកាសថា បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ COVID-19 ថ្មីៗ​ចំនួន ៤,៣០៦​ករណី​បន្ថែមទៀត ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ​។​

​ក្រៅពី​ការរកឃើញ​ករណី​ឆ្លង​ថ្មីៗ​ខាងលើ អ្នកជំងឺ​ចំនួន ៣៧​នាក់​បន្ថែមទៀត ក៏​ត្រូវបាន​រាយការណ៍​ថា​ស្លាប់​ផងដែរ ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​ដូចគ្នា ខណៈ​អ្នកជំងឺ​ចំនួន ៦,៤០៧​នាក់​ផ្សេងទៀត ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ក្រោយ​ជាសះស្បើយ​។​

​មកទល់ពេលនេះ ប្រទេស​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​នៅ​ទូទាំងប្រទេស​ចំនួន ២,១១៥,៨៧២​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ២០,៧៧១​នាក់ និង​អ្នកជា​សះស្បើយ​ឡើងវិញ ២,០១៩,៤២៨​នាក់​។ គិត​ត្រឹម​ពេលនេះ ថៃ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 សរុប ៩២.៦៨​លាន​ដូ​ស ក្នុងនោះ​ប្រជាជន ៤១.២៨​លាន​នាក់ (៥៩.០១% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​គ្រប់​ដូ​ស​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close