ទីលាន​ចាក់សំរាម លំដាប់​ស្តង់ដារ លើកដំបូង បាន​ដាក់ឱ្យ​ដំណើរការ នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រេច​ដាក់ឱ្យ​ប្រើ​រណ្តៅ​ចាក់សំរាម​ថ្មី​មួយកន្លែង ស្ថិតនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ចម្ងាយ​ចុះ​ពី​ផ្លូវជាតិ​លេខ​៤​ប្រមាណ​៣​គីឡូម៉ែត្រ បន្ទាប់ពី​សាងសង់​រួចរាល់​នូវ​រណ្តៅ​ក្នុងដំណាក់កាល​ទី​១ កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​ទីលាន​ចាក់សំរាម​នៅក្នុង​ដំណាក់​ដំបូង​នេះ ត្រូវបាន​ជីករណ្ដៅ​ដី​ដែល​អាច​ធានា​ផ្ទុក​សំរាម​បាន​រហូតដល់​រយៈពេល​៥​ឆ្នាំ ទើប​ពេញ​រណ្តៅ​ដី ខណៈ​បច្ចុប្បន្ន​កាកសំណល់​សំរាម ដែល​ប្រមូលបាន​ពី​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ មាន​បរិមាណ ក្នុង​មួយថ្ងៃ ចន្លោះ​ពី​៤០០ ទៅ​៥០០​តោន និង​សំណង់​អគារ​សម្រាប់​ស្តុក​សំរាម ដែល​បាន​ញែក​រួច ដើម្បី​ទៅ​កែច្នៃ​ឡើងវិញ និង​ស្ថានីយ​ថ្លឹង​រថយន្ត​ដឹក​សំរាម​ចូល​រណ្តៅ​ប្រចាំថ្ងៃ​។​

​លោក ហុក សុ​កាន់​ដា​រ៉ូ នាយក​គ្រប់គ្រង​ទីលាន​ទុកដាក់​សំណល់​រឹង​សំរាម​ទីប្រជុំជន​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ទីលាន​ចាក់សំរាម​នេះ មាន​ផ្ទៃដី​សរុប​ជាង​៥០​ហិកតា ប៉ុន្តែ​សម្រាប់​ជំហាន​ទី​១​នេះ ធ្វើ​នៅលើ​ផ្ទៃដី​ចំនួន​១៧​ហិកតា​សិន​។ លោក​បានឱ្យដឹងថា សំរាម​ដែល​យកទៅ​ទុកដាក់​នៅ​ទីតាំង​ថ្មី​នេះ គឺ​ប្រមូល​ពី​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ ដោយមាន​ក្រុមហ៊ុន​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ចំនួន​២ បន្ទាប់​រណ្តៅ​នៅ​ទីតាំង​ចាស់​មុនៗ​ពេញ​អស់​ទៅហើយ​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្នុងឱកាស​ចុះ​ពិនិត្យ និង​ស្វែងយល់​ពី​ទីលាន​ចាក់សំរាម​នេះ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បញ្ជាក់ថា នេះ គឺជា​ទីលាន​ចាក់សំរាម​លើកដំបូង​នៅ​កម្ពុជា ដែល​បង្កើតឡើង​មាន​លក្ខណៈ​ស្តង់ដារ​ត្រូវ​ត្រឹម​តាម​បច្ចេកទេស ខណៈ​នៅក្នុង​ឆ្នាំ​២០២២​ខាងមុខនេះ រាជរដ្ឋាភិបាល គ្រោង​បង្កើតឱ្យមាន​នៅតាម​បណ្តា​ខេត្ត​ទៀត​ដូចជា​ខេត្ត​កែប កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀង ជាដើម​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ទីលាន​ចាក់សំរាម​ក្នុង​ខេត្ត​ព្រះសីហនុ ស្ថិតក្នុង​គម្រោង​សាងសង់​លើ​ផ្ទៃដី​ទំហំ​៥១​ហិកតា ក្នុង​ក្របខណ្ឌ​បន្ទុក​ចំណាយ​ថវិកាជាតិ សរុប​ជាង​៥,៣១​លាន​ដុល្លារ​អាមេរិក​។​

​ក្នុង​រយៈពេល​៥​ឆ្នាំ​ដំបូង ត្រូវបាន​ជីករណ្តៅ​ដី​ចំនួន​៤ ដោយ​ក្នុង​រណ្ដៅ​នីមួយៗ​មាន​ទទឹង​គិត​ជា​មធ្យម​១៣០​ម៉ែត្រ និង​បណ្ដោយ​១៥០​ម៉ែត្រ ជម្រៅ​ចាប់ពី​២-៤​ម៉ែត្រ ព្រមទាំង​មាន​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ចាប់ពី​បាត​រណ្ដៅ ប្រព័ន្ធ​ប្រមូល​ទឹក​កខ្វក់​ពីរ​ណ្ដៅ​ចាក់សំរាម និង​បំពង់​បញ្ចេញ​ឧស្ម័ន​ពុល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close