ដីព្រៃ​លិច​ទឹក​ជាង ១០០​ហិកតា ត្រូវ​ជនខិលខូច​កាប់​ទន្ទ្រាន​យក នៅ​ខេត្តសៀមរាប

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត រួមមាន​លោក លោកស្រី ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត រដ្ឋបាល​ក្រុង​-​ស្រុក និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្ដែង​នៅ​តំបន់​ការពារ​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប ដើម្បី​អនុវត្តតាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ស្រាវជ្រាវ​លើ​ករណី​ជនល្មើស​ដែល​បាន​កាប់​ទន្ទ្រាន​រំលោភ​យក​ដីព្រៃ​លិច​ទឹក​ធ្វើជា​កម្មសិទ្ធិ ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ដើម្បី​អនុវត្តតាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នោះ រដ្ឋបាលខេត្ត​បាន​បង្កើត​ក្រុមការងារ​ថ្នាក់​ខេត្ត​ទទួលបន្ទុក​អនុវត្ត​ការងារ​តាម​បណ្តា​ក្រុង​-​ស្រុក ទាំង​០៦ ដែល​ជាប់​នឹង​បឹង​ទន្លេសាប ដោយ​ក្រុមការងារ​នីមួយៗ​ដឹកនាំ​ដោយ​លោក លោកស្រី ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ការអនុវត្ត​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺត្រូវធ្វើ​ឲ្យ​បាន​ហ្មត់ចត់ និង​ឆាប់រហ័ស ព្រមទាំង​ស្វែងរក​រាល់​ជនល្មើស​ដែល​បាន​កាប់​បំ​ផ្លិ​ញ​បំផ្លាញ​ព្រៃ​លិច​ទាំងនេះ ហើយ​ត្រូវ​ដកហូត​មក​ធ្វើជា​កម្ម​សិទ្ធ​របស់​រដ្ឋ ព្រមទាំង​ដាំ​ដើមឈើ​ទាំងនោះ​ឡើងវិញ ដើម្បី​ជា​ជម្រក​ត្រី​ពង​កូន ។​

​ឯកឧត្តម​មានប្រសាសន៍​ទៀតថា ក្នុងឱកាស​ចុះ​ពិនិត្យមើល​ព្រៃ​លិច​ទឹក ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប ដែលមាន​ផ្ទៃដី​ប្រមាណ​ជាង​៨​ពាន់​ហិកតា​នេះ ក្នុងនោះ​ត្រូវបាន​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ​ប្រមាណ​ពីរពាន់​ហិកតា ហើយ​ផ្ទៃ​ដីព្រៃ​លិច​ទឹក​ប្រមាណ​ជាង​១០០​ហិកតា ត្រូវបាន​ជនខិលខូច​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី ដែល​ជនខិលខូច​ទាំងនោះ​មាន​ចំនួន​ជិត​៥០​នាក់ រស់នៅក្នុង​សង្កាត់​ជ្រាវ , សង្កាត់​ក្របី​រៀល , សង្កាត់​ស្រ​ង៉ែ , សង្កាត់​ស្វាយដង្គុំ និង​សង្កាត់​មួយចំនួនទៀត ដោយ​ពួកគេ​ធ្វើ​សកម្មភាព​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​ម្លេះ ។​

​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប មានប្រសាសន៍​បន្ថែមថា ក្រោយពី​រកឃើញ​និង​កំណត់​ជនល្មើស​ហើយ អាជ្ញាធរ​ក៏បាន​បាន​ប្ដឹងទៅ​តុលាការ​រួចរាល់​ហើយ​ដែរ រីឯ​ព្រៃ​លិច​ទឹក​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ក្នុងស្រុក​ចំនួន​៥​ទៀត អាជ្ញាធរ​កំពុង​ទៅពិនិត្យ​មើល​ពី​ការបាត់បង់​ដោយសារ​ជនខិលខូច​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​នេះ​។​

​លោក ឡោ រ៉​ន ប្រជា​សហគមន៍​នៅ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប បាន​លើកឡើងថា ពួកគាត់​មានការ​សប្បាយ​ចិ​ត្ដ​ក្រោយពេល​រាជរដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ដ ទប់ស្កាត់​ជនខិលខូច​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​នេះ ខណៈ​កន្លងមក ផ្ទៃដី​ព្រៃ​លិច​ទឹកបាន​រង​ការកាប់បំផ្លាញ​យ៉ាងខ្លាំង​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ ដូចជា​ធ្វើស្រែ​ប្រាំង និង​ធ្វើការ​លក់ដូរ​ជាដើម ហើយ​រឹបអូស​ការយក​ដីព្រៃ​លិច​ទឹក​ពី​ជនខិលខូច​វិញ​នេះ នឹងធ្វើ​ឱ្យ​មច្ឆា​ជាតិ​កើន​ឡើងវិញ​នៅក្នុង​ទន្លេសាប ព្រោះ​ព្រៃ​លិច​ទឹក​មាន​សារៈសំខាន់​សម្រាប់​ជម្រក​ត្រី​ពង​កូន ។​

​សូមបញ្ជាក់ថា ផ្ទៃដី​ព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ក្រុង​-​ស្រុក​ចំនួន​៦ នៃ​ខេត្ដ​សៀមរាប មានស្រុក​ជីក្រែង , ស្រុក​សូទ្រនិគម , ស្រុក​ប្រាសាទបាគង , ក្រុង​សៀមរាប , ស្រុក​ពួក និង​ស្រុក​ក្រឡាញ់ មាន​ទំហំ​ជាង​១២​ម៉ឺន​ហិកតា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close