ការនាំចេញកសិផលរបស់កម្ពុជា រយៈពេល១១ខែ ឆ្នាំ២០២១ មានទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារអាមេរិក!
តាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផល (ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើ ហើយនិងឈើកៅស៊ូ) របស់កម្ពុជា ទៅកាន់គោលដៅទីផ្សារ ៦៨ប្រទេស ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ មានចំនួន ៤ ៤៣៥ ៧៦៨ ៩០៥ ដុល្លារអាមេរិក។
យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៧ ១៣១ ៩១៥,០៤ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ៣ ៤៤៤ ២៨៨,១៨ តោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ៦៨៧ ៦២៦,៨៦ តោន។
កសិផលសំខាន់ៗដែលបាននាំចេញ មានដូចជា៖ អង្ករ ស្រូវ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្ស៉ៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្តែកបាយ គ្រាប់សណ្តែកសៀង ផ្លែចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ទឹកស៊ីរ៉ូស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែចម្រុះ ម្ទេសស្រស់ ម្ទេសក្រៀម និងផលិតផលចំនួន ៨៧មុ ផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។