ករណីឆ្លងកូវីដ១៩ នៅកូរ៉េខាងត្បូងកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន
នៅថ្ងៃទី១ខែធ្នូ កូរ៉េខាងត្បូងបានរកឃើញករណីឆ្លងកូវីដ១៩ កើនឡើងជាង ៥ពាន់នាក់ក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ករណីឆ្លងកើនឡើងក្នុងពេលដែលពិភពលោកបារម្ភពីការឆ្លងរាលដាលកូវីដ១៩បំប្លែងថ្មីOmicron។
កូរ៉េខាងត្បូង បានរកឃើញករណីឆ្លងកូវីដ ១៩ ក្នុងរយៈពេល២៤ម៉ោងមានដល់ទៅ៥១២៣នាក់ ក្នុងនោះមានករណីឆ្លងក្នុងសហគមន៍ដល់ទៅ៥០៧៥នាក់ ។ សរុបករណីឆ្លងកូវីដ១៩ ក្នុងប្រទេសកូរ៉េខាងត្បូង កើនឡើងដល់ទៅ ជាង៤៥២ពាន់នាក់ ។
ក្រៅពីនេះក៏មានអ្នកស្លាប់៣៤នាក់ផងដែរក្នុងរបាយការណ៍ថ្ងៃទី១ខែធ្នូ ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ទៅ៣៦៥៨នាក់ ។ ក្នុងពេលនេះដែរអ្នកជំងឺធ្ងន់កើនឡើង ៧២៣នាក់ផងដែរ។
ចំណែកកូវីដ១៩បំប្លែងថ្មី Omicron ដែលធ្វើឲ្យប្រទេសជាច្រើនជុំវិញពិភពលោកត្រូវបិទព្រំដែនជាមួយប្រទេសតំបន់អាហ្វ្រិក កូរ៉េខាងត្បូង ក៏បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ ។ នៅថ្ងៃទី ៣០ខែវិច្ឆិកា កូរ៉េខាងត្បូង បានរកឃើញករណីឆ្លងOmicron ម្នាក់ នាំចូលពីក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។