WHO ស្នើ​បណ្តា​ប្រទេស​មាន​វិធានការ «​សម​ហេតុផល​» ប្រឆាំងនឹង​ហានិភ័យ​របស់ Omicron

​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​សម្តែង​ការព្រួយបារម្ភ នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ស្របពេល​ប្រទេស​មួយចំនួន កំពុង​ដាក់ចេញ​នូវ​វិធាន​ការបិទ​ខ្ទប់ ប្រឆាំងនឹង​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង (Omicron) យ៉ាង​តឹងរ៉ឹង ដោយ​លោក​ផ្ទាល់​បាន​យល់ឃើញថា «​មិនទាន់មាន​ភស្តុតាង​ត្រឹមត្រូវ ឬ​ភាព​គួរ​ឲ្យ​ជឿទុកចិត្ត​ណាមួយ​» អំពី​ឥទ្ធិពល​នៃ​មេរោគ​បំប្លែង​ថ្មី​នេះ ថា​ពិតជា​អាច​បង្ក​ការចម្លង​យ៉ាង​លឿន​រហ័ស នៅ​តំបន់​អាហ្វ្រិក​ខាងត្បូង​នោះ​នៅឡើយ​ទេ​។​

​អគ្គនាយក WHO លោក ថេ​ដ្រូ​ស អា​ដាណ​ម (Tedros Adhanom Ghebreyesus) នៅក្នុង​សុន្ទរកថា​ទៅកាន់​ប្រទេស​សមាជិក​ទាំង ១៩៤ របស់ WHO បាន​ជំរុញ​ឱ្យ​ពួកគេ​ចាត់វិធានការ​ទប់ស្កាត់​នានា ដោយ «​សម​ហេតុផល​» អនុលោម​តាម​បទ​ប្បញ្ញត្តិ​របស់​អង្គការ​នេះ តាំងតែ​ពី​ឆ្នាំ​២០០៥​។ លោក ថេ​ដ្រូ​ស អា​ដាណ​ម បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «​យើង​នៅតែ​មើលឃើញ​សំនួរ ច្រើនជាង​ចម្លើយ​នៅឡើយ ពាក់ព័ន្ធ​នឹង​វីរុស​បំប្លែង​ថ្មី Omicron ដូចជា​ការចម្លង​, ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ និង​ប្រសិទ្ធភាព​នៃ​ការធ្វើ​តេស្ត​, ការព្យាបាល និង​វ៉ាក់សាំង​ជាដើម​»​។​

​លោក ថេ​ដ្រូ​ស អា​ដាណ​ម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ ប្រទេស​អាហ្វ្រិក​ខាងត្បូង និង បុ​ត​ស្វា​ណា ផងដែរ ដែល​បាន​រកឃើញ​មេរោគ​បំប្លែង​ថ្មី Omicron ហើយ​រាយការណ៍​អំពី​វា បាន​យ៉ាង​ឆាប់រហ័ស​។ លោក​ប្រធាន​ក៏​កំពុង​ព្រួយបារម្ភ​ផងដែរ​ថា ប្រទេស​អាហ្វ្រិក​ខាងត្បូង​ទាំងនេះ កំពុងតែ​ទទួលរង​ការពិន័យ (​វិធានការ​ផ្អាក​ការធ្វើដំណើរ ពី​សំណាក់​ប្រទេស​ផ្សេងៗ​) បន្ទាប់ពី​ពួកគេ​បានធ្វើ​រឿង​ដ៏​ត្រឹមត្រូវ​។​

​គួរ​បញ្ជាក់ថា មេរោគ​បំប្លែង​ថ្មី Omicron ត្រូវបាន​ប្រកាស​រកឃើញ​ដំបូង នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពី​ចុង​សប្តាហ៍​មុននេះ ហើយ​វា​ត្រូវបាន​រាយការណ៍​ជា​បន្តបន្ទាប់ នៅ​ប្រទេស​ក្បែរ​ខាង​របស់​អាហ្វ្រិក​ខាងត្បូង ក្នុងនោះ​មានដូចជា បុ​ត​ស្វា​ណា ជាដើម​។ WHO បានចាត់ទុក Omicron ជា​វីរុស​ស្ថិតក្នុង​ក្តី​ព្រួយបារម្ភ និង​ត្រូវការ​ពេល ២ ទៅ ៣​សប្តាហ៍​ទៀត ដើម្បី​ស្វែងយល់​អំពី​ឥទ្ធិពល​ពិតប្រាកដ​របស់​វា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close