រដ្ឋមន្ត្រី​ទេសចរណ៍​៖ ការអភិវឌ្ឍ​ថ្មីៗ និង​ការទប់ស្កាត់​កូ​វីដ​បានល្អ ជា​កត្តា​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ខេត្ត​ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា មាន​កត្តា​ជាច្រើន​ដែល​បាន​ចូលរួម​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​ខេត្ត​ព្រះសីហនុ ក្នុងនោះ​មានដូចជា​ការសម្រេចបាន​នូវ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន និង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ការអភិវឌ្ឍ​ទីក្រុង​វៃឆ្លាត សមិទ្ធផល​ផ្លូវ​ទាំង​៣៤​ខ្សែ និង​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ថ្មីៗ សណ្ដាប់ធ្នាប់ សោភ័ណ​សមុទ្រ​-​ឆ្នេរ​-​កោះ ការរៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​នានា និង​លក្ខណសម្បត្តិ​ជាច្រើន​ទៀត​។​

​ក្នុងពេល​ចុះ​ត្រួតពិនិត្យ​មូលដ្ឋាន​អាជីវកម្ម​នៅតាម​ឆ្នេរសមុទ្រ​នៃ​ក្រុងព្រះសីហនុ ល្ងាច​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានផ្ដល់​កិច្ច​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា ខេត្ត​ព្រះសីហនុ គឺជា​គោលដៅ​ទេសចរណ៍​ដ៏​ពិ​សេសមួយ​សម្រាប់​ការបើកទទួល​ទេសចរណ៍​វ៉ាក់សាំង ស្រប​ពេលដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​បើក​ប្រទេស​ទទួល​ទេសចរ​ឡើងវិញ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី បាន​លើក​ហេតុផល​ចម្បងៗ​ថា គោលដៅ​ខេត្ត​ព្រះសីហនុ គឺមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការទទួល​ភ្ញៀវទេសច​រ​ដែល​ចាក់​វ៉ាក់សាំង​រួចរាល់ ជា​គោលដៅ​សុវត្ថិភាព​ស្របតាម​សូចនាករ​គោល​ដែល​ក្រសួងទេសចរណ៍​បានដាក់ចុះ ក្នុងនោះ​រួមមាន​៖
* សូចនា​ករទី​១៖ នៅក្នុង​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​នីមួយៗ ប្រជាជន​ត្រូវ​ចាក់​វ៉ាក់សាំង​២​ដូ​ស​យ៉ាងហោច​ឱ្យបាន​៨០%​។ លោក​ថា នៅ​ក្រុងព្រះសីហនុ​នេះ​មាន​ប្រជាជន​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ចំនួន​២​ដូ​ស​ដល់​ទៅ​១០០% អ្នកខ្លះ​ក៏បាន​ចាក់​ដល់​ទៅ​៣​ដូ​ស​ទៅទៀត​។ នេះ​ជា​មូលដ្ឋានគ្រឹះ​មួយ​ដែល​ផ្ដល់​ជា​សញ្ញា​ដ៏​រឹងមាំ​ក្នុងការ​ជឿទុកចិត្ត​រប​ស់​ភ្ញៀវទេសចរ​។​
* សូចនា​ករទី​២៖ នៅក្នុង​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​នីមួយៗ គេ​ពិនិត្យ​ទៅលើ​អត្រា​នៃ​អ្នក​ឆ្លង និង​អ្នក​ដែល​ស្លាប់​ដោយសារ​កូ​វីដ គឺមាន​ការថយចុះ​ដែរឬទេ​។ ជាក់ស្ដែង​នៅ​ខេត្ត​ព្រះសីហនុ គឺមាន​ការគ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​នេះ​បានល្អ​ណាស់ ដែល​មិនមាន​ហានិភ័យ​នោះឡើយ​។​
* សូចនា​ករទី​៣៖ ត្រូវ​រៀបចំ​លក្ខណសម្បត្តិ​ខាង​ផ្នែក​សុខាភិបាល​នៅតាម​គោលដៅ​នីមួយៗ គឺ​ត្រូវមាន​មន្ទីរពេទ្យ មន្ទីរពិសោធន៍ មាន​មធ្យោបាយ​សម្រាប់​ព្យាបាល​នៅពេល​មាន​ករណី​ឆ្លង​។ លោក​ថា នៅ​ខេត្ត​ព្រះសីហនុ​ក៏ដូចជា​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប គឺ​ធ្វើ​កិច្ចការ​នេះ​បានល្អ​។​
* សូចនា​ករទី​៤៖ នៅក្នុង​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​នីមួយៗ ផ្នែក​ឯកជន​ត្រូវ​ត្រៀម​លក្ខណសម្បត្តិ​ក្នុង​ការទទួល​ភ្ញៀវទេសច​រ ក្នុងនោះ​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់ តើ​មាន​លក្ខណសម្បត្តិ​សម្រាប់​ទទួលភ្ញៀវ​ទេសច​របា​ន​ហើយ​ឬ​នៅ​។ ជាក់ស្ដែង អ្នកធ្វើការ​នៅក្នុង​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់​នៅក្នុង​គោលដៅ​ក្រុងព្រះសីហនុ គឺ​បាន​ចាក់​វ៉ាក់សាំង​១០០%​គ្រប់គ្នា​ហើយ​។​

​ឯកឧត្ដម​បាន​បន្តទៀត​ថា ផ្អែកលើ​សូចនាករ​ទាំងនេះហើយ ដែល​កម្ពុជា​ហ៊ាន​ផ្សព្វផ្សាយ​ចេញទៅ​ក្រៅប្រទេស ក្នុងនោះ​ភ្ញៀវទេសចរ​ក៏បាន​ចាប់ផ្ដើម​ធ្វើដំណើរ​ចូលមក​កម្ពុជា​កាន់តែច្រើន​ឡើងៗ​។ លោក​ថា ចាប់តាំងពី​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ប្រកាស​បើក​ប្រទេស​មក ជនបរទេស​ដែល​បាន​ចូលមក​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មានការ​កើនឡើង​រហូត​ដល់​ជាង​៧០០​នាក់​ក្នុង​មួយថ្ងៃ ក្នុងនោះ​មាន​ទាំង​អ្នកដំណើរ និង​ភ្ញៀវទេសចរ​។ នៅ​ទូទាំងប្រទេស គឺមាន​ការកើនឡើង​ជើងហោះហើរ​រហូតដល់​២៨​ជើង​ក្នុង​មួយថ្ងៃ ក្នុងនោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ខេត្ត​ព្រះសីហនុ ក៏បាន​កើនឡើង​៩​ជើង​ក្នុង​មួយថ្ងៃ​ផងដែរ​។​

ឯកឧត្ដម ថោង ខុន បន្ត​លើកឡើងថា ភ្ញៀវទេសចរ​នឹង​មក​ទស្សនា​ខេត្ត​ព្រះសីហនុ​កាន់តែច្រើន ក៏​ព្រោះ​កម្ពុជា​នឹងមាន​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ជាច្រើន ដូចជា នៅ​ថ្ងៃទី​១២-១៧ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ទូកក្ដោង​ជម្រើស​ជើងឯក​អា​ស៉ី​អាគ្នេយ៍ ដែល​ព្រឹត្តិការណ៍​កីឡា​នេះ​នឹង​រៀបចំ​នៅ​សមុទ្រ​នៃ​ក្រុងព្រះសីហនុ​។ មកដល់ពេលនេះ អ្នក​ដែល​បាន​ចុះឈ្មោះ​ចូលរួម រួមមាន សិង្ហ​បុរី ម៉ា​ឡេ​ស៉ី ថៃ រួមទាំង​កម្ពុជា​ផង​។​

​ឯកឧត្តម​បាន​បន្តថា នៅ​ថ្ងៃទី​១៦-២២ ខែមករា ឆ្នាំ​២០២២ ខាងមុខ​ដែរ កម្ពុជា​ទទួល​រៀបចំ​ព្រឹត្តិការណ៍​វេទិកា​ទេសចរណ៍​អាស៊ាន (ATF2022) ដោយ​ក្នុងនោះ​កម្ពុជា​បាន​អញ្ជើញ​រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ រួមទាំង​មាន​អ្នកចូលរួម​សរុប​ប្រមាណ​៦០០​នាក់​។​

​ម្យ៉ាងវិញទៀត នៅ​ចុងឆ្នាំ​២០២២ កម្ពុជា​ក៏​នឹង​ទទួល​រៀបចំ​មហាសន្និបាត​ក្លឹប​ឆ្នេរ​អន្តរជាតិ និង​ការរៀបចំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​នេះ​ទៀត​ផងដែរ​។ ក្រៅពីនេះ​នឹងមាន​ព្រឹត្តិការណ៍​ទេសចរណ៍​ជាច្រើន​ទៀត​។​
​ឯកឧត្ដម​បាន​បន្តទៀត​ថា ខេត្ត​ព្រះសីហនុ​អាច​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​ធំៗ​បាន​ទាំងអស់ មិន​ថា​ព្រឹត្តិការណ៍​កីឡា ព្រឹត្តិការណ៍​ទេសចរណ៍ និង​កិច្ចប្រជុំ​កំពូលៗ (MICE) គឺអាច​ធ្វើបាន​ទាំងអស់​។​

​បើតាម​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន អ្វី​ដែលជា​បំណងប្រាថ្នា​របស់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​នោះ គឺ​ចង់​ទស្សនា​និង​លេង​កម្សាន្ត​នៅ​សមុទ្រ ឆ្នេរ និង​កោះ​ស្អាតៗ​នៅ​ខេត្ត​ព្រះសីហនុ​។​ ​ក្រៅពីនេះ ខេត្ត​ព្រះសីហនុ​ក៏​ថែមទាំង​មាន​ភាព​ទាក់ទាញ​ផ្សេងទៀត​ដែរ ដូចជា ការអភិវឌ្ឍ​ទីក្រុង​វៃឆ្លាត សមិទ្ធផល​ផ្លូវ​ទាំង​៣៤​ខ្សែ និង​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ថ្មីៗ​ដែល​ស្ថាបនា​ឡើង​ស្របតាម​ស្ដង់ដា​អន្តរជាតិ ការគិតគូរ​អំពី​សោភ័ណ​ឆ្នេរ ការរៀបចំ​សណ្ដាប់ធ្នាប់​បានល្អ នៅតាម​កោះ​នានា​ក៏មាន​ការបង្កើត​រី​សត​ច្រើន រីឯ​មូលដ្ឋាន​អាជីវកម្ម​ដែលមាន​ឧបនិស្ស័យ​គាំទ្រ​វិស័យ​ទេសចរណ៍​ក៏មាន​ច្រើន​ដែរ ដែលជា​ការទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងសំខាន់​សម្រាប់​ទេសចរ​ណ៍​ផ្ទៃក្នុង ក៏ដូចជា​ទេសចរ​អន្តរជាតិ​។​

​ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល​ក៏បាន​យកចិត្តទុកដាក់​លើ​ការរៀបចំ​អាង​ចម្រោះ​ទឹក​កខ្វក់​មុន​បង្ហូរ​ចូល​ទឹកសមុទ្រ ពីព្រោះ​ការថែរក្សា​បរិស្ថាន សោភ័ណភាព​ទឹកសមុទ្រ គឺជា​កិច្ចការ​ចាំបាច់​របស់​ភា​គី​ពាក់ព័ន្ធ មិន​អាចឱ្យ​ទឹកសមុទ្រ​កខ្វក់​ខូច​សោភ័ណភាព ខូច​បរិស្ថាន​នោះឡើយ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​រូបនេះ​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​បានដាក់​គោលដៅ​នេះ​ជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង ក្នុងនោះ​រាជរដ្ឋាភិបាល​ក៏មាន​គម្រោង​អភិវឌ្ឍន៍​ច្រើន​ទៀត​នៅក្នុង​ខេត្ត​ព្រះសីហនុ ក៏មាន​ផែនការ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យបាន​ច្រើន​លាន​នាក់ ការពង្រីក​សមត្ថភាព​របស់​អាកាសយានដ្ឋាន​កងកេង​ដែល​អាចឱ្យ​យន្តហោះ​ខ្នាត​ធំ​ចុះចត​បាន ហើយ​នៅ​ថ្ងៃ​អនាគត​នឹងមាន​រថភ្លើង​ល្បឿន​លឿន​មកកាន់​ខេត្ត​ព្រះសីហនុ និង​នាវា​ទេសចរណ៍​ខ្នាត​យក្ស​មក​បាន​ផងដែរ​។

សម្រាប់​ទេសចរ​ដែល​ម​ក​តាម​នាវា​យក្ស​ទាំងនោះ​នឹង​ភ្ជាប់​ទៅកាន់​គោលដៅ​សៀមរាប​បន្តទៀត ហើយ​ភ្ញៀវទេសចរ​ចូល​សៀមរាប​មុន​ក៏​នឹង​ភ្ជាប់​មក​គោលដៅ​ព្រះសីហនុ​វិញ​ដែរ​។ នៅ​ខេត្តសៀមរាប​ជា​គោលដៅ​ទេសចរណ៍​ប្រវត្តិសាស្ត្រ វប្បធម៌​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ពិភពលោក​ទាំងមូល ប៉ុន្តែ​នៅ​ខេត្ត​ព្រះសីហនុ​គឺជា​គោលដៅ​ឆ្នេរ​ស្អាត​មិន​ចាញ់​ប្រទេស​ដទៃ​ឡើយ​។​ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បង្ហើប​ទៀតថា «​នៅ​ថ្ងៃ​អនាគត កំពង់ផែ​ក្រុងព្រះសីហនុ​នឹង​ក្លាយជា​ទីតាំង​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​អន្តរជាតិ ដូច​ទៅនឹង​កំពង់ផែ​នៅ​សិង្ហ​បុរី​ដែរ​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close