ប្រទេសចំនួន ២៣ហើយ រកឃើញករណីឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង
បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា វីរុសកូវីដ១៩បំប្លែងថ្មីចុងក្រោយបង្អស់ ដែលមានឈ្មោះថា “អូមីក្រុង” បានឆ្លងរីករាលដាលនៅក្នុងប្រទេសចំនួន ២៣ហើយនៅទូទាំងពិភពលោក គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ។
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បញ្ជាក់ថា វីរុសបំប្លែងថ្មី អូមីក្រុង ដែលត្រូវបានរកឃើញដំបូងដោយអ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូងបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីពិភពលោក។
លោកបន្តថា យ៉ាងហោចណាស់មានប្រទេសចំនួន ២៣ មកពីតំបន់ចំនួន ៥ ក្នុងចំណោមប្រាំមួយរបស់អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីករណីឆ្លងវីរុស អូមីក្រុង ហើយយើងរំពឹងថា ចំនួននេះនឹងកើនឡើង ខណៈ WHO បានចាត់ទុកការអភិវឌ្ឍន៍នេះ គឺជារឿងយ៉ាងធ្ងន់ធ្ងរ។
លោក ថេដ្រូស បន្ថែមថា ប្រការនេះមិនមែនជារឿងគួរអោយភ្ញាក់ផ្អើលទេ ដោយ សារតែកន្លងមកករណីឆ្លងវីរុស អូមីក្រុង មួយចំនួនត្រូវបានគេរាយការណ៍ថា មានរោគសញ្ញា “ស្រាល” ហើយអ្នកជំនាញគួរតែមានព័ត៌មានបន្ថែមអំពីការចម្លងនៃប្រភេទមេរោគកូវីដ១៩ថ្មីនេះក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញខាងរោគរាតត្បាតនៅអង្គការសុខភាពពិភពលោក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកស្រី Maria van Kerkhove ដែលជាអ្នកដឹកនាំបច្ចេកទេសរបស់ WHO បាននិយាយថា សេណារីយ៉ូដែលអាចកើតមាននោះគឺថា អូមីក្រុង អាចឆ្លងបានរហ័សជាង ដែរតា ប៉ុន្តែអ្នកជំនាញមិនទាន់ដឹងអំពីភាពធ្ងន់ធ្ងររបស់វានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។