រកឃើញ​ករណី​ឆ្លង​ដំបូង នៃ​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង នៅ​សហរដ្ឋអាមេរិក​!

កាលីហ្វ័រ​ញ៉ា​៖ វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង ដែល​បាននិងកំពុង​ឆ្លង​រាលដាល​យ៉ាងខ្លាំង​នៅ​អាហ្វ្រិក​ខាងត្បូង​ក្នុង​រយៈពេល​ជិត ៤​សប្តាហ៍​កន្លងមកនេះ បន្ទាប់ពី​វា​ត្រូវបាន​គេ​រកឃើញ​ដំបូង​នៅ​ទីនោះ ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ប្រកាស​រកឃើញ​ករណី «​វិជ្ជមាន​ដំបូង​» នៃ​មេរោគ​នេះ​នៅក្នុង​សហរដ្ឋអាមេរិក​។

 

​ករណី​ឆ្លង​លើកដំបូង​នេះ ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​អាមេរិក​រាយការណ៍​ថា បានកើត​លើ​ប្រជាជន​ដែល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ពេញលេញ​រួចហើយ​រស់នៅ​រដ្ឋ​កាលីហ្វ័​រ​ញ៉ា ដែល​ទើប​ត្រឡប់​មកកាន់​សហរដ្ឋ​អាមេរិក​វិញ​ពី​អាហ្វ្រិក​ខាងត្បូង​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ហើយ​ធ្វើតេស្ត​វិជ្ជមាន​ក្នុងពេល ៧​ថ្ងៃក្រោយ​។

​ជាមួយគ្នានេះ អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​ជំងឺឆ្លង​អាមេរិក​លោក​វេជ្ជបណ្ឌិត អាន់​តូ​នី ហ្វ៊ា​វ​ស៊ី បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅឯ​សេត​វិមាន​ថា អ្នក​ឆ្លង​រូបនេះ​មាន​រោគសញ្ញា​ស្រាល ហើយ​កំពុងស្ថិត​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​។ ការពិសោធន៍ និង​ញែក​លំដាប់​ហ្សែ​ន ត្រូវបាន​ធ្វើឡើង​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា ហើយ​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ (CDC) គឺជា​អ្នក​កំណត់ថា នោះ​គឺជា​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ។​

​ឆ្លើយតប​ទៅនឹង​ការរកឃើញ​ករណី​វិជ្ជមាន Omicron ជា​លើកដំបូង​នេះ អាជ្ញាធរ​សុខាភិបាល​អាមេរិក នៅតែ​ជំរុញ​ជាថ្មី​ឲ្យ​ប្រជាជន​ទាំងឡាយ ជាពិសេស​អ្នកមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ ប្រញាប់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន​ពេញលេញ និង​ចាក់​ដូ​ស​ជំរុញ​បន្ថែមទៀត សម្រាប់​អ្នក​ដែល​គ្រប់​លក្ខខណ្ឌ​ត្រូវ​ចាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close