ឯកឧត្តម សាយ សំ​អាល់​៖ កម្ពុជា​ប្តេជ្ញា​ចំពោះ​គោលការណ៍​ផែនការ​ខៀវ (Blue Print) ប្រកបដោយ​ចីរភាព សម​ធ៌​ម និង​ភាព​ធន់ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​

​ខេត្ត​ព្រះសីហនុ​៖ «​កម្ពុជា​ប្តេជ្ញា​ចំពោះ​គោលការណ៍​ផែនការ​ខៀវ (Blue Print) ប្រកបដោយ​ចីរភាព សម​ធ៌​ម និង​ភាព​ធន់ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​យើង​»​។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​វេទិកា​រដ្ឋមន្ត្រី លើក​ទី​៧ នៃ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា នៃ​អង្គ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១ កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម សាយ សំ​អាល់ បាន​បន្តថា ឥឡូវនេះ យើង​បាន​ឈានចូល​មកដល់​ទសវត្ស​រ៍​នៃ​វិទ្យាសាស្ត្រ​មហាសមុទ្រ និង​ការស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី ដូច្នេះ​យើង​ត្រូវ​ចេះ​ច្បាម​ចាប់យក​ឱកាស​ទាំងអស់ ដែល​មាននៅ​ចំពោះមុខ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព រួម​ជាមួយនឹង​ទស្សនវិស័យ SDS-SEA របស់​យើង​។

​ឯកឧត្តម បាន​គូសបញ្ជាក់ថា ប្រវត្តិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច និង​សុខភាព​ក្នុង​តំបន់ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​សមុទ្រ​របស់​យើង​។ ដោយ​ផ្អែកលើ​របាយការណ៍​សេដ្ឋកិច្ច​ពណ៌​ខៀវ​របស់ PEMSEA ជាមួយនឹង​ទិន្នន័យ​មកពី​ប្រទេស​ចំនួន​ដប់ សេដ្ឋកិច្ច​មហាសមុទ្រ​ត្រូវបាន​គេ​ប៉ាន់​ស្មានថា មានតម្លៃ​ប្រហែល 1.4 ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្នុងនាម​ជា​មជ្ឈមណ្ឌល​នៃ​ជីវចម្រុះ​សមុទ្រ​ក្នុង​ពិភពលោក និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​មមាញឹក​បំផុត តំបន់​របស់​យើង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សន្តិសុខ​ស្បៀង ការបង្កើត​ប្រាក់ចំណូល ជីវភាព​រស់នៅ ការកម្សាន្ត ការការពារ​ច្រាំង​សមុទ្រ និង​បទ​ប្បញ្ញត្តិ​អាកាសធាតុ ក្នុងចំណោម​ប្រជាជន​ដទៃទៀត មិន​ត្រឹមតែ​នៅក្នុង​តំបន់ ប៉ុន្តែ​នៅក្នុង​ពិភពលោក​ទាំងមូល​ផងដែរ​។

​ឯកឧត្តម សាយ សំ​អាល់ បានឱ្យដឹងថា វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧ នៃ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា​នាពេលនេះ កាន់​តែមាន​សារៈសំខាន់​ថែមទៀត​នៅពេលដែល​យើង​ដាក់​ផែនទី​បង្ហាញផ្លូវ​របស់​យើង ដើម្បី​ជួយ​ឱ្យ​តំបន់​នេះ​ឆ្ពោះទៅ​ថ្ងៃ​អនាគត​ដ៏​ល្អប្រសើរ​មួយ​។​

​គួរ​រម្លឹក​ឱ្យដឹងថា ក្រសួងបរិស្ថាន បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១ និង​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧ នៃ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​សមុទ្ទ​អាស៊ី​បូព៌ា ក្រោម​ប្រធានបទ «​បង្កើត​ទសវត្សរ៍​ថ្មី​នៃ​សុខុមាលភាព​សមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​» ដែល​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​០២ ខែធ្នូ ឆ្នាំ​២០២១ នា​ខេត្ត​ព្រះសីហនុ​។
​គោលបំណង​សំខាន់ៗ​នៃ​ការរៀបចំ​មហាសន្និបាត​សមុទ្រ​រួមមាន​៖ ទី​១)​ចែករំលែក​មេរៀន​ជា​បទពិសោធន៍ តាមដាន​វឌ្ឍនភាព​ការងារ​កន្លងមក និង​ពង្រីក​បន្ថែម​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ ដែល​បាន​ប្រតិបត្តិ​នៅ​ថ្នាក់​តំបន់ ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ទី​២)​បង្កើត​និង​រៀបចំ​ឡើងវិញ​នូវ​យន្តការ​គ្រប់គ្រង​ដែលមាន​ស្រាប់ និង​ជំរុញ​បង្កើត​ឱកាស​ថ្មីៗ​បន្ថែមទៀត សម្រាប់​ភាពជា​ដៃគូ​ក្នុង​តំបន់ តាមរយៈ​បច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និង​ហិរញ្ញប្បទាន ដើម្បី​បន្ត​និរន្ត​ភាព​នៃ​បរិស្ថាន​តំបន់ឆ្នេរ និង​សមុទ្រ និង​ទី​៣)​កំណត់​នូវ​ផែនទី​បង្ហាញផ្លូវ​ដ៏​ច្បាស់លាស់​មួយ សម្រាប់​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​សមុទ្រ​នា​ទស្សវត្ស​ន៍​ខាងមុខ ដោយ​អនុលោម​ទៅតាម​ផែនការ​មួយ​ទសវត្សរ៍​របស់​អង្គការសហប្រជាជាតិ នៃ​វី​ទ្យា​សាស្ត្រ​មហាសមុទ្រ របៀបវារៈ​របស់​អង្គការ​សហ​ប្រជា​តិ​ឆ្នាំ​២០៣០ អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​តិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​ក្របខ័ណ្ឌ​ជីវៈចម្រុះ​សកល​ក្រោយ​ឆ្នាំ​២០២០ ព្រមទាំង​បណ្តា​ក្របខ័ណ្ឌ​ពាក់ព័ន្ធ​នានា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close