សង្ស័យរឿងគំនុំ! មនុស្ស៣នាក់ យកកាំបិតតាំងតោកាប់ជនរងគ្រោះ ២នាក់ រងរបួសធ្ងន់ ត្រូវសមត្ថកិច្ចចាប់វវៃខ្នោះ
ខេត្តតាកែវ៖ កាលពីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ៣នាក់ ករណីហិង្សាដោយចេតនា កើតឡើងនៅត្រង់ចំណុចសួនកំសាន្ត ខាងកើតមណ្ឌលទេសចរណ៍ភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
នគរបាលស្រុកបាទី បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ គឺ១.ឈ្មោះ សុស ណង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិពូនភ្នំ ឃុំត្រពាំងសាច ស្រុកបាទី ខេត្តតាកែវ, ២/ឈ្មោះ ពី ពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និង៣/ឈ្មោះ ឆុង វណ្ណណយ ភេទប្រុស អាយុ២១ឆ្នាំ (ជនដៃដល់) មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន នៅភូមិពួនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ជនទាំង៣នាក់ខាងលើ បានយកកាំបិតតាំងតោកាប់ទៅលើជនរងគ្រោះចំនួន ២នាក់ គឺ ឈ្មោះ ហ៊ីង វីរៈ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិដក់ពះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បណ្ដាលឲ្យរងរបួសត្រង់ម្រាមដៃនាង ចំនួន ១កន្លែង, និងឈ្មោះ មើល ថា ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិកល្អាងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បណ្តាលរងរបួសត្រង់កែងដៃចំហៀងខាងឆ្វេង ចំនួន ១កន្លែង ប្រវែង ៧សង់ទីម៉ែត្រ ដេរចំនួន ៦ថ្នេរ។
នគរបាលស្រុកបាទី បានបញ្ជាក់ទៀតថា មូលហេតុដែលនាំឲ្យកើតមានអំពើហិង្សា គឺបណ្តាលមកពីគំនុំ។ បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនិងវត្ថុតាង កម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។