អភិបាលខេត្ត​សៀមរាប ចុះ​ស្រាវជ្រាវ​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក ក្នុង​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ស្រុក​ជីក្រែង​

​ខេ​ត​ត​សៀមរាប​៖ កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យមើល​ផែនទី​ទិន្នន័យ​លើ​ផ្ទៃដី​ក្នុង​តំបន់​២ និង​តំបន់​៣ ក្នុង​ដែន​សមត្ថកិច្ច​របស់រ​ដ្ឋ​បាល​ស្រុក​ជីក្រែង ក្នុងការ​ទប់ស្កាត់​ជនខិលខូច​ដែល​លួច​កាប់បំផ្លាញ​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​។

​តាម​សេចក្តីរាយការណ៍​របស់​លោក ពៅ ប៊ុនធឿន អភិបាល​នៃ​គណៈ​អភិបាលស្រុក​ជីក្រែង បាន​ឲ្យ​ដឹងថា ទិន្នន័យ​នៃ​ការ​កាត់​ឆ្វៀល​ផ្ទៃដី ស្ថិតនៅក្នុង​ដែន​ព្រៃ​លិច​ទឹក​តំបន់​៣ នៃ​បឹង​ទន្លេសាប ឆ្នាំ​២០១២ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ជីក្រែង មាន​ទំហំ ៣.៩៧៩​ហិកតា ដោយ​គ្រប់​ដណ្តប់​លើ​ឃុំ​ចំនួន​៧​របស់​ស្រុក ព្រមទាំង​បាន​បោះបង្គោល​កំណត់​ព្រំប្រទល់​តំបន់​៣ និង មានការ​កំណត់​និយម​ការ​កាត់​ឆ្វៀល ដីស្រែ ៣៥៦​ចំណុច និង បានប្រគល់​ឲ្យ​ឃុំ​ថែរក្សា​បង្គោល​តម្រុយ ក្នុងការ​ទប់ស្កាត់​ការកាប់​រុករាន​ដីព្រៃ​លិច​ទឹក ក្នុង​តំបន់​៣ ។

​តាម​របាយការណ៍​រប​ស់​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៦ ដល់​២០២១​នេះ ការបង្ក្រាប​បទល្មើស​ចូល​រុករាន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ក្នុង​ឃុំ​ទាំង​៧​របស់​ស្រុក​ជីក្រែង មាន​ចំនួន​៨៦​ករណី ស្មើនឹង​ផ្ទៃដី ៧៤៥,៨៨​ហិកតា ព្រមទាំង​បានកំណត់​មុខ សញ្ញា​បទល្មើស និង​ជនល្មើស​ដាក់​ទៅ​តុលាការ​ផងដែរ​។

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ព្រៃ​លិច​ទឹក​នេះ​មាន​សារៈសំខាន់​សម្រាប់​ទីជម្រក​ត្រី​ពង​កូន និង​ជីវៈចម្រុះ នៅក្នុង​បឹង​ទន្លេសាប តែបើ​សិន​ព្រៃ​លិច​ទឹក​បាត់បង់​ជា​រៀងរាល់ឆ្នាំ​នោះ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងច្រើន​ដល់​ជីវៈចម្រុះ ជាពិសេស​ទិន្នផល​ត្រី និង មានការ​ថយចុះ​ជា​រៀងរាល់ឆ្នាំ ព្រមទាំង​សត្វ​ស្លាប​ទៀតផង ជាពិសេស​ព្រៃ​លិច​ទឺ​ក​ក៏មាន​សក្តានុពល​មួយទៀត​ដែរ​លើ​វិស័យ​ទេសចរណ៍ ព្រោះ​ក្រៅពី​ដំណើរ​ដើរ​ទស្សនា​កម្សាន្ត នៅតាម​ប្រាង្គ​ប្រាសាទ​នានា និង រមណីយដ្ឋាន​ធម្មជាតិ​ក្នុង​ខេត្ត ភ្ញៀវ​បាន​បន្ត​មក​ទស្សនា​កម្សាន្ត​នៅ​តំបន់​បឹង​ទន្លេសាប នូវ​ព្រៃ​លិច​ទឹក និង​សត្វ​ស្លាប​ទៀតផង​ដែរ ដូច្នេះ​ក្នុងនាម​អាជ្ញាធរខេត្ត សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ដែល​បាន​ផ្តល់ឱកាស​ឲ្យ​អាជ្ញាធរ បញ្ចប់​នៃ​ការកាប់​ទន្ត្រា​ន​ព្រៃ​លិច​ទឹក​បន្តទៀត នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​។

​ឯកឧត្តម​បន្តទៀតថា ក្រោយពេល​ដក​ហូ​ន​ដី​ដែល​ជនខិលខូច ធ្វើការ​កាប់​ឈួ​ស​ឆាយ នៅក្នុង​តំបន់​៣​នេះហើយ​នោះ មន្ទីរជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ដែលមាន​ភូមិសាស្ត្រ ជាប់​បឹង​ទន្លេសាប ត្រូវ​រួមសហការ​គ្នា​ធ្វើ​ការដាំដុះ​កូនឈើ​ឡើងវិញ នៅក្នុង​ផ្ទៃដី​ទាំងនោះ ព្រមទាំង​ធ្វើការ​ថែរក្សា តាមដាន​រាល់​សកម្មភាព​របស់​ជ​ន​ខិលខូច នៅតែ​បន្ត​ធ្វើការ​រុករាន​នៅក្នុង​ដី​តំបន់​៣​នេះ និង​ត្រូវធ្វើ​ការឃាត់ខ្លួន​ជាបន្ទាន់ បញ្ជូន​ទៅកាន់​តុលាការ ។
​ម្យ៉ាងទៀត​ដំណាក់​ការ​នេះ​យើង​ត្រូវការពារ​តំបន់​ដែល​បាន​កាត់​ឆ្វៀល និង ពិនិត្យ​ទៅលើ​តំបន់ ដែល​បានកា​ប់រាន​ថ្មី នៅក្នុង​តំបន់​៣​នោះ ដើម្បី​ធ្វើ​សេចក្តី​រាយ​ការដាក់​ជូនទៅ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ផងដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close