គម្រោង​សាងសង់​អគារ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ សម្រេចបាន ៣០,៣៧​ភាគរយ​!

ខេត្តបន្ទាយមានជ័យ​៖ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅ​ថ្មី​នេះ គណៈប្រតិភូ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដឹកនាំ​ដោយ ឯកឧត្តម យិ​ត បុ​ណ្ណា រដ្ឋលេខាធិការ និង​ជា​នាយក​គម្រោង និង​គណៈប្រតិភូ​នី​ដា (NEDA) នៃ​ប្រទេស​ថៃ ដឹកនាំ​ដោយ ឯកឧត្តម Perames Vudthitornetiraks ប្រធាន​ស្ថាប័ន​នី​ដា និង​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ខេត្តបន្ទាយមានជ័យ បាន​ប្រជុំពិភាក្សា​ការងារ និង​ចុះ​ត្រួតពិនិត្យ​ដំណើរការ​នៃ​គម្រោង​សាងសង់​អគារ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ និង ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ ៥ ស្ថិតនៅ​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ការចុះ​ត្រួតពិនិត្យ​លើ​គម្រោង​ច្រកទ្វារព្រំដែន​អន្តរជាតិ​នេះ គឺ​ក្នុងន័យ​តាមដាន​វាយតម្លៃ​ចំពោះ​កិច្ចការងារ​សាងសង់ នៃ​អគារ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ និង ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ ៥ ធ្វើយ៉ាងណា​ត្រូវ​សម្រេច​ទៅតាម​ផែនការ​ទិសដៅ ដើម្បី​ជាការ​រួមចំណែក​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរ ការដឹកជញ្ជូន​ទំនិញ និង​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ កម្ពុជា និង ថៃ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ លោក តាន់ គឹម​ហួត តំណាង​ក្រុមហ៊ុនចម្រុះ CM Grand Development និង Tan Kim Eng បាន​បញ្ជាក់ថា បច្ចុប្បន្ន គម្រោង​អនុវត្ត​ការងារ​របស់ខ្លួន​សម្រេច​បាន ៣០,៣៧​ភាគរយ ហើយ​ក្រុមហ៊ុន​សាងសង់​បាន​ប្តេជ្ញាចិត្ត​ថា នឹង​បញ្ចប់​គម្រោង​សាងសង់​ច្រក​អន្តរជាតិ​នេះ ទៅតាម​ផែនការ​កំណត់​។​

​ជាមួយគ្នា​នោះ ឯកឧត្តម គណៈប្រតិភូ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ស្ថាប័ន នី​ដា (NEDA) នៃ​ប្រទេស​ថៃ បាន​ជម្រុញ​អោយ​ក្រុមហ៊ុនចម្រុះ CM និង TKE ខិតខំ​អនុវត្ត​គម្រោង​អោយសម្រេចបាន​តាម​ផែនការ​កំណត់ ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់ និង​គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​ប្លង់​បច្ចេកទេស​របស់​គម្រោង​។

​គម្រោង​ច្រកទ្វារព្រំដែន​អន្តរជាតិ​នេះ នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​និង​មិនអាច​ខ្វះ​បាន ក្នុងការ​ជម្រុញ​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ការដឹកជញ្ជូន និង​កាត់បន្ថយ​ពេលវេលា​ក្នុង​ត្រួតពិនិត្យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close