​ផ្លូវ​ខេត្ត​លេខ​១៤៨ ចាប់ពី​រង្វង់ មូល​ស្ទឹងហាវ ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សម្រេចការស្ថាបនាបាន ៤០,៨៩%​ហើយ​!

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​២ ធ្នូ ម្សិលមិញ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន អញ្ជើញ​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ពាក់ព័ន្ធ​របស់​ក្រសួង អញ្ជើញ​ចុះ​ពិនិត្យ​គុណភាព និង សកម្មភាព ការងារ​សាងសង់​នៃ​ការដ្ឋាន​ស្ថាបនា​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៤៨ និង​ប្រព័ន្ធ​លូ​បង្ហូរ ដោយមាន​ការចូលរួម​ពី ក្រុមការងារ​បច្ចេកទេស​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ តំណាង​ក្រុមហ៊ុន​សាងសង់ ទីប្រឹក្សាបច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានាថា​សំណង់​ដែល​សាងសង់ រួច​មានគុណ​ភាពរឹងមាំ ស្របតាម​ស្តង់ដា​បច្ចេកទេស ដែល​បានកំណត់ ប្រើប្រាស់​ជាប់​បានយូរ និង​កាត់បន្ថយ​ការចំណាយ ថវិកាជាតិ​ក្នុងការ​ជួសជុល​ថែទាំ​។​

​ថ្លែង​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​កំណាត់​ផ្លូវ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាង សង់​យកចិត្តទុកដាក់​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ​សាងសង់​ប្រព័ន្ធ​លូ​បង្ហូរ ដោយ​អនុលោម តាម​ស្តង់ដា​បច្ចេកទេស​ដែល​បានកំណត់ ធ្វើយ៉ាងណា​ធ្វើ​ម្តង​ឱ្យ​ហើយ​កុំ​ធ្វើ​ម្តងទៀត​នាំឱ្យ​ខាតបង់​ពេល វេលា និង​ថវិកា ដែល​រាជរដ្ឋាភិបាល​រកបាន​ដោយ​លំបាក​។ ​ការស្ថាបនា​ផ្លូវ​នេះ​មានការ​ប្រើប្រាស់​ម៉ាស៊ីន​អ៊ុត​បេតុង​(Concrete Paving Machine)​ទំនើប ដែល​ធ្វើឱ្យ ផ្ទៃ​ផ្លូវ​មាន​ភាព​រាបស្មើ​ល្អ និង​រក្សាបាន​គុណភាព​បេតុង ដែល​ជួយ​ឱ្យ​ផ្លូវ​រឹងមាំ​ជាប់​បានយូរ និង​ជា​ផ្លូវ​ទី​១ នៅ​កម្ពុជា​ដែល​ប្រើ​ម៉ាស៊ីន​ឆូត​កាត់​ធ្វើ​ក្រឡា​ផ្ទៃ​បេតុង ដើម្បី​កុំឱ្យ​យានយន្ត​រអិល​ក្នុងពេល​បើកបរ និង​គ្រប់ គ្រង​ស្នាម​ប្រេះ​បានល្អ ដែល​កន្លងមក​ការ​ឆូត​កាត់​ផ្លូវ​បេតុង (​ទទឹងផ្លូវ​) ត្រូវបាន​ធ្វើឡើង​ដោយ​ដៃ​ប៉ុណ្ណោះ​។

​កំណាត់​ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) ដោយ​ប្រើប្រាស់​ថវិកា​សន្សំ របស់​ជាតិ ក្រោម​ការត្រួតពិនិត្យ​បច្ចេកទេស​ដោយ នាយកដ្ឋាន​ផ្លូវថ្នល់ នាយកដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ សាធារណ​: និង​នាយកដ្ឋាន​បច្ចេកទេស​សាធារណការ និង​ដឹកជញ្ជូន នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​គ្រោង​ចំណាយពេល​សាងសង់​ចំនួន​២៨​ខែ​។

គម្រោង​នេះ បាន​ចាប់​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ ហើយ​គិត​មក​ត្រឹម​សប្តាហ៍​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ការងារ​សាងសង់​សម្រេចបាន​ប្រមាណ ៤០,៨៩% ដែល​លឿន​ជាង​ផែនការ​ប្រមាណ ១,៥៥%​។

​សូម​ជម្រាបជូន​ថា​៖ ផ្លូវ​ខេត្ត​លេខ​១៤៨ ចាប់ពី​រង្វង់​មូល​ស្ទឹងហាវ ដល់ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ស្ថាបនា​ដោយ​ក្រាល​បេតុង​សរសៃដែក ប្រវែង​២២,៣៤៧​គីឡូម៉ែត្រ ទទឹង​១១​ម៉ែត្រ កម្រាស់​២៦​សង់ទីម៉ែត្រ និង​ចិញ្ចើម​ក្រួស​ក្រហម ០,៥០​ម៉ែត្រ​សងខាង​។ កំណាត់​ផ្លូវ​នេះ​គឺជា​ផ្លូវ​វាង​ក្រុង​ដ៏​មាន​សក្ដានុពល​សម្រាប់​ប​ម្រើ​ឱ្យ​ការដឹកជញ្ជូន ទំនិញ​នាំចេញ​-​ចូល​តាម នាវា កសិផល និង​ជលផល​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ស្ទឹងហាវ ក៏ដូចជា​បងប្អូន​រស់​នៅ​តំបន់ ទំនប់រលក​ចាស់​នៃ​ក្រុងព្រះសីហនុ​ទៅកាន់​ទីផ្សារ កាន់​តែមាន​លក្ខណៈ ងាយស្រួល ឆាប់រហ័ស និង ចំណាយ តិច និង​ចូលរួមចំណែក​ដល់​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ យានយន្ត​ដឹកជញ្ជូន​ទំនិញ​ធុន ធ្ងន់​តាមផ្លូវ​ជាតិ​លេខ​៤​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close