កម្ពុជា បានផ្តល់​វ៉ាក់សាំង ៥០​ម៉ឺន​ដូ​ស និង​រថយន្ត​ដឹក​វ៉ាក់សាំង ៣​គ្រឿង ជូន​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ រួចហើយ​!

​នៅ​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ ២០២១​នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ បាន​អញ្ជើញ​ប្រគល់​វ៉ាក់សាំង​ចំនួន​៥០​ម៉ឺន​ដូ​ស និង រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន​៣ គ្រឿង ជា​អំណោយ​សប្បុរសធម៌​រប​ស់រាជ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជូន​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ រួចហើយ​។

​ពិធី​ប្រគល់ និង​ទទួល បាន​ប្រារព្ធ​ធ្វើឡើង​នៅ ខេត្តស្ទឹងត្រែង​ព្រំដែន​កម្ពុជា​-​ឡាវ (​ត្រពាំង​គ្រៀល​-​ណង​នុ​ឃាន​) រវាង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង ឯកឧត្តម គី​កែវ ខាយ​ខាំ​ភី​ធួ​ង ឧបនាយករដ្ឋមន្ត្រី តំណាងឱ្យ​រដ្ឋាភិបាល​ឡាវ ។​

​សូម​រំលឹកថា ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី ជាមួយ ឯកឧត្តម នាយករដ្ឋមន្ត្រី​ឡាវ កាលពី​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វាក់​ចំនួន​៥០​ម៉ឺន​ដូ​ស និង រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន​៣​គ្រឿង ជូន​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បានផ្តល់​នូវ​ទឹកប្រាក់​ចំនួន ១៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្នុងនោះ ៣​លាន​ដុល្លារ ជា​ថវិកា​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា និង​១០​លាន ដុល្លារ ជា​ថវិកា​របស់​សប្បុរ​សជន ជូន​ដល់​រដ្ឋាភិបាល​ឡាវ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close