សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ នឹងត្រូវ​សាងសង់ឡើង​កំពស់​២៦​ជាន់ ដោយ​ប្រើប្រាស់​ពេល​ប្រមាណ​៤​ទៅ​៥​ឆ្នាំ​

ភ្នំពេញ​៖ សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ ដែលមាន​ទីតាំង​នៅក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​នឹងត្រូវ​សាងសង់ឡើង​កំពស់​២៦​ជាន់ ក្រោម​ដី​៣​ជាន់​និង​អាចដាក់​គ្រែ​សំរាក​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​បាន​ពី​១៥០​ទៅ​២០០​គ្រែ ដែល​គ្រោង​សាងសង់​ឲ្យ​រួចរាល់​ក្នុង​រយះពេល​ពី​៤​ទៅ​៥​ឆ្នាំ​។​

​សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ បានធ្វើ​ពិធី​ក្រុង​ពាលី នឹង​បញ្ចុះបឋមសិលា​តាមបែប​សាសនា​ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​សុំ​សេចក្តីសុខ​សេចក្តីចំរើន បើក​ការដ្ឋាន​សាងសង់ នៅ​រសៀល​ថ្ងៃទី​៦​ធ្នូ​នេះ ក្រោម​វត្តមាន ឯកឧត្ដម ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ដោយមាន​លោក​វេជ្ជបណ្ឌិត​ឈុន ឡាយ ជា​តំណាង​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នេះ​។​

​បើតាម​អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នេះ បាន​គូសបញ្ជាក់ថា ដោយមាន​ការផ្តល់​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​សំណាក់ ឯកឧត្ដម ឃួ​ង ស្រេង និង​លោកជំទាវ​បានធ្វើ​ឲ្យ​គំរោង​សាងសង់​មន្ទីរពេទ្យ​ពហុ​ជំនាញ ភ្នំពេញ​នាពេលនេះ ចេញ​ជា​រូបរាង​ដើម្បី​បំរើសេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​បំពាក់​ឧ​បករ​ណ៏​វេជ្ជសាស្ត្រ​ទំនើប​ទាន់សម័យ និង​គ្រប់​ជំនាញ​។​

​លោក​តំណាង​មន្ទីរពេទ្យ​បញ្ជាក់ទៀតថា សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នេះ សាងសង់​មាន​កំពស់​២៦​ជាន់​,​ក្រោម​ដី​៣​ជាន់​និង​អាចដាក់​គ្រែ​សំរាក​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​បាន​ពី​១៥០​ទៅ​២០០​គ្រែ និង​គ្រោង​សាងសង់​ឲ្យ​រួចរាល់​ក្នុង​រយះពេល​ពី​៤​ទៅ​៥​ឆ្នាំ​ដែលជា​ពេទ្យ​ឯកជន​ដែល​បំរើសេវា​សុខភាព​ដូច​ពេទ្យ​រដ្ឋ​ដែរ ដោយ​គិត​ទៅលើ​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ជា​ចំបង​។​

​សូមបញ្ជាក់ថា សម្រាប់​ក្របខ​ណ្ឌ័​រាជធានី​ភ្នំពេញ គណៈ​អភិបាល​រាជធានី​ភ្នំពេញ​រួម​នឹង​អង្គភាព​ជំនាញ បាន​ដំណើរការ​បង្ខិត​សេវា​សុខាភិបាល ពង្រឹង​និង ពង្រីក​យន្តការ​នៃ​ការផ្តល់សេវា​ផ្នែក​រដ្ឋ ព្រមទាំង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការចូលរួម​របស់​សេវា​សុខាភិបាល​ឯកជន ក្នុងនោះ​គិត​ត្រឹម​ឆ្នាំ​២០២១​នេះ នៅ​រាជធានី​ភ្នំពេញ​មាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ចំនួន​៧,​មន្ទីរពេទ្យ បង្អែក​ចំនួន​១,​មន្ទីរពេទ្យ​ថ្នាក់ស្រុក​ចំនួន​៧,​មណ្ឌល​សុខភាព​ចំនួន​៤៣,​ប៉ុស្តិ៍​សុខភាព​ចំនួន​៧​ដែលជា​សេវា​គ្រប់គ្រង​ដោយ​រដ្ឋ ព្រមទាំង​មាន​មូលដ្ឋាន​សុខាភិបាល ឯកជន​ចំនួន​២៧៥៧​ទីតាំង​បន្ថែមទៀត​កំពុងផ្តល់​សេវា​ពិនិត្យ​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។​

​ក្នុងដំណាក់កាល​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួម​នឹង​កងកំលាំងប្រដាប់អាវុធ​,​មន្ត្រីរាជការ រួម​នឹង​អង្គភាព​ជំនាញ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក្នុង​រាជធានី​ភ្នំពេញ​តាមរយះ​ការអនុវត្ត​វិធាន​ចំបងៗ​របស់​ក្រសួងសុខាភិបាល និង​តាម​អនុសា​ស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី បំរើ​សុខ​មា​ភាព​របស់​ប្រជាពលរដ្ឋ​៕

​ប្រភព​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close