ម៉ូតូ​និង​គោយន្ត​កែច្នៃ ព្រលះ​គ្នា ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ នៅ​ស្រុក​ពួក

​ខេត្តសៀមរាប​៖ កាលពី​យប់ ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​ម៉ូតូ​និង​គោយន្ត​កែច្នៃ បាន​ព្រលះ​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់ លើផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។​

​នគរបាល​ស្រុក​ពួក បានអោយដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ក្លិ​ច ផលិត​ឆ្នាំ​២០១៩ ព៌​ណស ពាក់​ស្លាក​លេខ​សៀមរាប 1AF9322 បើកបរ​ដោយ​ឈ្មោះ​ប៉ក់ ជើ​ប ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ចាន់​តា​សាយ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប (​ពាក់មួក​សុវត្ថិភាព​) ដឹក​ឈ្មោះ​នុប ថៃ​សាន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ដូន​ទ្រ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប (​គ្មាន​មួកសុវត្ថិភាព​) បើកបរ​ទិសដៅ​ពី​លិចទៅ​កើត បាន​បុក​នឹង​គោយន្ត​កែឆ្នៃ ព៌​ណ​បៃតង គ្មាន​ស្លាក​លេខ បើកបរ​ដោយ ឈ្មោះ រិ​ន រើ​យ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រក​ពួក ខេត្តសៀមរាប ឈប់​នៅ​ជាយ​ផ្លូវ​ខាងត្បូង​ក្បាល​ទៅ​ទិសខាងកើត​។ ក្រោយពេល​កើតហេតុ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាលអោយ​ស្លាប់​មនុស្ស​ឈ្មោះ ប៉ក់ ជើ​ប របួសធ្ងន់​មនុស្ស​ម្នាក់ ឈ្មោះ នុប ថៃ​សាន់​ហើយ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​បណ្តាលមកពី​អ្នកបើក​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​។​

​ក្រោយពេល​កើតហេតុ​កម្លាំង​ផ្នែក​ជំនាញ​បាន​ចុះទៅ​វាស់វែង​កន្លែងកើតហេតុ ប្រគល់​សាកសព​រងគ្រោះ​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ប្រមូល​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ពួក​ដើម្បី​បន្ត​នីតិវិធី ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close