មេឈ្មួញឈើចាស់វស្សាឈ្មោះចែស្រី នឹងប្ដីដឹកជញ្ជូនឈើខុសច្បាប់ទាំងថ្ងៃទាំងយប់សមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប

ព្រះវិហារ ៖ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុករវៀង​ ខេត្តព្រះវិហារ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះឈ្មួញឈ្មោះ ចែស្រី និងប្តី បានបង្កើនសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ កាន់តែខ្លាំងក្លាជាងមុនទៅទៀត។

សកម្មភាពនេះ មន្រ្តីជំនាញនិងសមត្ថកិច្ចតាមប៉ុស្តិ៍ត្រួតពិនិត្យលើផ្លូវជាតិលេខ៦២ ពីខេត្តព្រះវិហារ​ ចូលទៅខេត្តកំពង់ធំ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ចែស្រី និងប្តី នោះទេ។ ជាពិសេសលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បណ្តោយឲ្យឈ្មួញឈ្មោះ ចែស្រី និងប្តី ដឹកជញ្ជូនឈើយ៉ាងរលូន។

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ចែស្រី និងប្តី បានឲ្យដឹងថា ស្ទើរតែរាល់ពេលព្រឹកព្រលឹមឈ្មួញទាំង២នាក់នេះដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ចូលទៅខេត្តកំពង់ធំ ដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធ ទប់ស្កាត់ទាល់តែសោះ។

ប្រភពបានឲ្យដឹងទៀតថា ទាល់តែមានការបើកដៃពីសំណាក់លោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង និងសមត្ថកិច្ចក្នុងស្រុករវៀងទើបឈ្មួញឈ្មោះ ចែស្រី និងប្តី មិនប្រឈមនឹងការបង្ក្រាប។ មិនតែប៉ុណ្ណោះឈ្មួញឈ្មោះ ចែស្រី និងប្តី បង្កើនសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ខ្លាំងក្លាជាងមុនទៅទៀតព្រោះមានការឃុបឃិតជាប្រព័ន្ធប្រជាពលរដ្ឋក្នុងស្រុករវៀង បានឲ្យដឹងថា សកម្មភាពឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ចូលទៅខេត្តកំពង់ធំ ពុំមានការថយចុះនោះទេ បើទោះបីមានការបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកត្បែងមានជ័យ ស្រុកសង្គមថ្មី និងស្រុកឆែប ក៏ដោយ។

ប្រជាពលរដ្ឋបានរិះគន់ថា មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាននិងសមត្ថកិច្ចក្នុងខេត្តព្រះវិហារ ចាត់ទុកបទល្មើសព្រៃឈើជាប្រភពចំណូលរបស់ខ្លួន។

ចំពោះករណីនេះ យើង​នៅ​មិន​ទាន់អាច​ទាក់ទង​សុំការ​បំភ្លឺពីភាគីពាក់ព័ន្ធបាននៅឡើយ​ទេនៅថ្ងៃនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close