អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចការងារសាងសង់បានជិត ១២%ហើយ គិតត្រឹមដើមខែនេះ!
កោះធំ៖ អគារមន្ទីរពេទ្យតេជោ សែន កោះធំ ដែលបានប្រារព្វពិធីក្រុងពាលីបុកគ្រឹះសាងសង់កាលពី ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតី ភាពដ៏ ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមថ្ងៃ ទី៤ ខែកុម្ភៈ ឆ្នាំ២០២២ សម្រេចវឌ្ឍនភាពការងារសាងសង់បាន១១,៨៨% ហើយនៃការងារសាង សង់អគារធំ (អគារ A)កម្ពស់២ជាន់ ការងារសាងសង់អគារឆ្វេង(អគារ B)កម្ពស់១ជាន់ ការងារសាងសង់ អគារឆ្វេង (អគារ C)កម្ពស់១ជាន់ និងការងារសាងសង់របងមន្ទីរពេទ្យ។
គួររំលឹកផងដែរថា៖ គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិត ផ្តួចផ្តើមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសម ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ ប្រជាពលរដ្ឋ។
មន្ទីរពេទ្យនេះនឹងក្លាយជាទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្ត កណ្តាល និងស្រុកព្រៃ កប្បាស នៃខេត្តតាកែវផងដែរ។
គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន ០៣ខ្នង ១)អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន ០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣ ៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣ ៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣ ៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០ ៥៤៤,៤ ម៉ែត្រការ៉េ ២) អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មាន ទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១ ០០០ ម៉ែត្រការ៉េ ៣) អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១ ០០០ ម៉ែត្រការ៉េ។
មន្ទីរពេទ្យដែលសាងសង់លេីផ្ទៃដី ប្រមាណ ១,៣ហិចតា នេះ ដែលអាចផ្ទុកគ្រែអ្នកជំងឺបាន ចំនួន ១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល ។
មន្ទីរពេទ្យតេជោសែនកោះធំ គ្រោងប្រេីពេលសាងសង់ចំនួន១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ ការសាងសង់នៅខែធ្នូ ឆ្នាំ២០២២។
មន្ទីរពេទ្យនេះ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ១០លានដុល្លារសហរដ្ឋអាមេរិកក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យគ្រោងចំណាយទឹកប្រាក់ប្រមាណ៦លាន២សែនដុល្លារសហរដ្ឋអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារសហរដ្ឋអាមេរិកថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។