លោក Satoshi Saito៖ យើង​ចង់ឱ្យ​បាល់ទាត់​កម្ពុជា​រីកចម្រើន និង​ឈានទៅ​វគ្គ​បន្ទាប់​បង្កើត​ប្រវត្តិសាស្ត្រ​

​លោក Satoshi Saito នាយក​ប្រតិបត្តិក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ​បានបង្ហាញ​ឆន្ទៈ​របស់ខ្លួន​ថា «​អ្នកដឹង​ទេ​ថា ហេតុអ្វី​ខ្ញុំ​មក​កម្ពុជា ព្រោះ​យើង​ចង់ឱ្យ​បាល់ទាត់​កម្ពុជា​រីកចម្រើន និង​ឈានទៅ​វគ្គ​បន្ទាប់​បង្កើត​ប្រវត្តិសាស្ត្រ​»​។​ ​នេះ​ជាការ​លើកឡើង​របស់លោក ក្នុងឱកាស​ដែល​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ​បានរៀបចំ​កម្មវិធី​បង្ហា​ញ​ឯកសណ្ឋាន​ថ្មី​របស់​ក្លិប​បាល់ទាត់ ទាំង​៨ កាលពី​ល្ងាច​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២២ ដែលជា​បេក្ខភាព​ប្រកួតប្រជែង​ម្ចាស់​ជើងឯក ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ រដូវ​កាល​ថ្មី ២០២២​។​

​នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ​គូសបញ្ជាក់​ទៀតថា «​ខ្ញុំ​មក​កម្ពុ​ជាដំបូង នៅ​ឆ្នាំ ២០១៤ ក្នុងនាម​ជា​អ្នក​ប្រឹក្សា FIFA ហើយ​ខ្ញុំ​បានឃើញ​យុវជន​លេង​បាល់ទាត់​ដោយមាន​ចំណង់​ចំណូលចិត្ត​ច្រើន​។ ខ្ញុំ​បាន​គិតថា ខ្លួនឯង​ត្រូវការ​ទិសដៅ​ត្រឹមត្រូវ និង​ផ្លាស់ប្តូរ​របៀប​ធ្វើឱ្យ​បាល់ទាត់​ជា ឧស្សាហកម្ម នៅ​កម្ពុជា​។ ដូចដែល​ខ្ញុំ​កំពុងធ្វើការ​នៅក្នុង​សមាគម​បាល់ទាត់​ជប៉ុន ប្រទេស​ជប៉ុន​ក៏មាន​បញ្ហា​ប្រឈម​ដូចគ្នា​ពីមុនមក ប៉ុន្តែ​បន្ទាប់ពី​អាជីព​បាល់ទាត់ នៅ​ឆ្នាំ​១៩៩៣ លី​គ​បាល់ទាត់​ជប៉ុន​បានចាប់ផ្តើម ដោយ​អ្វីៗ​គ្រប់យ៉ាង​បាន​ប្រសើរឡើង​»​។​

​លោក Satoshi Saito បន្ថែមថា បន្ទាប់ពី​លោក​ត្រឡប់មក​ជប៉ុន​វិញ លោក​បាន​ទាក់ទង​ជាមួយ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ហើយ​លោក​បាន​ចងចាំ នៅក្នុង​ជំនួប​នោះ ដោយ​កម្ពុជា​សម្បូរ​ដោយ​យុវជន ហើយ​យុវជន​ទាំងនេះ​ត្រូវការ​ក្តី​សុបិន និង​ទំនុកចិត្ត​។ តាមរយៈ​វិស័យ​កីឡា​បាល់​នេះ យុវជន​នានា​អាច​រៀន​ពី​របៀប​ធ្វើឱ្យ​ក្តី​សុបិន​របស់ខ្លួន​ក្លាយជា​ការពិត​។​

«​ដូច្នេះ​បន្ទាប់ពី​រយៈពេល​៨​ឆ្នាំ​មកនេះ ខ្ញុំ​មាន​កិត្តិយស​ណាស់ ដែល​ត្រូវបានតែងតាំង​ដោយ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ( FFC) ក្នុងនាម​ខ្ញុំ​ជា​នាយក​ប្រតិបត្តិ​នៃ​លី​គ​កំពូល​កម្ពុជា​។ ខ្ញុំ​ប្ដេជ្ញាចិត្ត​ចំពោះ​គម្រោង​នេះ ដើម្បី​ធ្វើ​ឲ្យ​សុបិន​កម្ពុជា​ក្លាយជា​ការពិត​។ ខ្ញុំ​អាច​និយាយបានថា អនាគត​បាល់ទាត់​កម្ពុ​ជា​កាន់តែ​ភ្លឺស្វាង​។ ខ្ញុំ​ជំរុញ​អ្នក ចូរ​ប្រឹងប្រែង​ធ្វើ​វា​បន្ថែមទៀត ដើម្បី​ធ្វើឱ្យ​សុបិន​របស់​យើង​ក្លាយជា​ការពិត​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក Satoshi Saito​។​

​គួរ​បញ្ជាក់ថា ការប្រកួត​ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ ដែលជា​លី​គ​កម្រិត​ខ្ពស់​ជាងគេ​របស់​កម្ពុជា មាន​៨​ក្រុម​ចូលរួម​ប្រកួតប្រជែង ដែល​គ្រោង​នឹង​ចាប់ផ្តើម​ការប្រកួត​សប្តាហ៍​ទី​១ នា​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២២​។ ៤​ប្រកួត​នេះ ជាការ​ជួបគ្នា​រវាង ក្រុម​បឹងកេត ប្រកួត​ជាមួយ​ណាហ្គា​វើ​ល នៅ កីឡដ្ឋាន ខេ​ម​បូ​ឌា​អ៊ែ​វ៉េ វេលា​ម៉ោង ០៣:៤៥ នាទី​រសៀល​, គូ​ទី​២ ក្រុម​ទ័ព ប្រកួត​ជាមួយ ភ្នំពេញ​ក្រោ​ន នៅ​កីឡដ្ឋាន កង​យុទ្ធ​ពល​ខេមរភូមិន្ទ វេលា​ម៉ោង ០៣:៤៥ នាទី​រសៀល​, គូ​ទី​៣ ព្រះខ័ន​រាជ​ស្វាយរៀង ប្រកួត​ជាមួយ គីរីវង់​សុខ​សែន​ជ័យ នៅ​កីឡដ្ឋាន ខេត្ត ស្វាយរៀង វេលា​ម៉ោង ០៣:៤៥ នាទី​រសៀល និង​គូ​ទី​៤ អង្គ​រថា​យ​ហ្គឺ​រ ប្រកួត​ជាមួយ វិសាខា នៅ​កីឡដ្ឋាន ហនុមាន វេលា​ម៉ោង ០៣:៤៥ នាទី​រសៀល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close