បាត់ក្មេងស្រីអាយុ៧ឆ្នាំឃើញតែកាតាបនៅតាមផ្លូវ ចុងក្រោយប្រទះឃើញសាកសពកប់ដី សង្ស័យករណីរំលោភសម្លាប់
(បន្ទាយមានជ័យ) ៖ ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ដែលជាសិស្សរៀននៅសាលាបឋមសិក្សាទំនប់ក៥ ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបាត់ខ្លួនកាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ដោយគេត្រឹមប្រទះឃើញកាតាប ដែលធ្លាក់ចោមនៅតាមដងផ្លូវ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែចុងក្រោយ នៅវេលាម៉ោងប្រមាណ៩យប់ ថ្ងៃដដែល គេបានប្រទះឃើញសាកសពរបស់កុមារីរូបនោះ នៅក្បែរសាលារៀនប្រមាណ៣០០ម៉ែត្រ ដោយមានដីកប់ពីលើ។
លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យថា ក្មេងស្រីរងគ្រោះដែលស្លាប់មានឈ្មោះ លួត លីហ្សា អាយុ៧ឆ្នាំ(ជាសិស្សបឋមសិក្សាទំនប់ក៥) ឪពុក.ម្តាយរស់នៅភូមិកើតហេតុខាងលើ។
លោកបន្តថា នៅវេលាម៉ោង១២រសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ឪពុក ម្តាយនិងសាច់ញាតិក្មេងស្រីឈ្មោះ លួត លីហ្សា ដល់ម៉ោងចេញពីសាលាមិនឃើញកូនមកដល់ផ្ទះទើបទៅសាលារៀនបឋមសិក្សាទំនប់ករ៥ ចម្ងាយពីផ្ទៈប្រមាណ២០០ម៉ែត្រ បានទៅសួរលោកគ្រូ.អ្នកគ្រូ ក៏បានប្រាប់ថា មិនបានឃើញមករៀនទេហើយត្រឡប់ទៅវិញតាមផ្លូវបានប្រទះឃើញកាបូបកូននៅក្បែរមាត់ផ្លូវមិនឃើញកូនទើបទៅប្តឹងប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត។
លោកវរៈសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា ក្រោយទទួលបណ្តឹងពីសាច់ញាតិក្មេងស្រីរងគ្រោះកម្លាំងនគរបាលក្រុងប៉ោយប៉ែត និងសាច់ញាតិរងគ្រោះបានជូនដំណឹងតាមបណ្តាញសង្គមហើយកម្លាំងជួយអន្តរាគមន៍រុករករហូតដល់ម៉ោង៩និង២២នាទីយប់ថ្ងៃខែដដែល ទើបបានប្រទៈឃើញសាកសពក្មេងស្រីរងគ្រោះ ត្រូវបានគេយកកប់ចោលក្បែររបងថ្មយកដីគប់និងថ្មសង្កត់ពីលើ ដែលមានពាក់អាវសិស្សសាលា និងខោខ្លីធ្លាក់នៅត្រឹមកែងជើងអាក្រាតកាយ។
ក្រោយរកឃើញសាកសពក្មេងស្រីរងគ្រោះហើយ កម្លាំងនគរបាលក្រុងបានធ្វើការហំព័ទ្ធទុកអោយកម្លាំងជំនាញចុះពិនិត្យធ្វើកោសល្យវិច័យទាំងយប់នៅកន្លែងកើតហេតុ ដើម្បីឲ្យដឹងច្បាស់ថាជាករណីឃាតកម្ម រំលោភសម្លាប់លើក្មេងស្រីនៅពេលទៅសាលារៀនម្នាក់ឯងឬក៏យ៉ាងណា ហើយកម្លាំងកំពុងបន្តស្រាវជ្រាវរកចាប់ខ្លួនឃាតករ ដើម្បីចាត់ការតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។