ក្រុមបាល់ទាត់​កុមារី​ខេត្តកំពត ត្រៀម​ប្រជែង​មេដាយមាស

​ក្រុមបាល់ទាត់​កុមារី​ខេត្តកំពត បាន​យកឈ្នះ​ក្រុម​ខេត្តក្រចេះ ក្នុង​លទ្ធផល ២​ទល់​០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ត្រៀម​ប្រកួត​ដណ្តើម​មេដាយមាស នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២២​នៃ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់ជាតិ ឆ្នាំ​២០២២​។​

​លោក ណុប ណាប់ ប្រធាន​ប្រតិភូ​ដឹកនាំ​ខេត្តកំពត​គូសបញ្ជាក់ថា ក្រៅពី​ក្រុមបាល់ទាត់​កុមារី ដែល​ត្រៀម​ដណ្តើម​មេដាយមាស ក៏មាន​ប្រភេទ​កីឡា​មួយចំនួនទៀត ដូចជា​បាល់បោះ​ក៏​កំពុងដណ្តើម​បាន​លទ្ធផល​ល្អ និង​ត្រៀម​ទៅ​វគ្គ​បន្ទាប់​ផងដែរ​។ ខេត្តកំពត​បាន​បញ្ជូន​ប្រតិភូ កីឡាករ កីឡាការិនី​ចំនួន​៦​ប្រភេទ​កីឡា សរុប​៥៧​នាក់ នៅក្នុង​ចំណោម​៨​ប្រភេទ​កីឡា​នៃ​ព្រឹត្តិការណ៍​កីឡា​សិស្ស​បឋម​ថ្នាក់ជាតិ​នេះ​។​

​លោក ណុប ណាប់ បន្ថែមទៀតថា តាមរយៈ​ការរៀបចំ​ការប្រកួត​សិស្ស​បឋមសិក្សា​ថ្នាក់ជាតិ​នេះ បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​ការបណ្តុះបណ្តាល​ធនធាន​កីឡាករ កីឡាការិនី​ជា​កុមារា កុមារី មកពី​២៥​រាជធានី​-​ខេត្ត​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ជាពិសេស​គឺ​បំផុស​ឲ្យ​ពួកគាត់​ឲ្យ​មាន​សុខភាព​ល្អ និង​ឆន្ទៈ ស្មារតី​ចេះ​ស្រឡាញ់​កីឡា​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។

​ការរៀបចំ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់ជាតិ ឆ្នាំ​២០២២ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​មាន​លក្ខណៈ​ល្អប្រសើរ​ច្រើន លើ​ការដឹកជញ្ជូន​ពី​កន្លែង​ស្នាក់នៅ​សណ្ឋាគារ​ទៅ​ទីលាន​ប្រកួត និង​ពី​ទីលាន​ប្រកួត​ត្រឡប់មក​កន្លែង​ស្នាក់នៅ​ជា​រៀង​រាល់ពេល​ប្រចាំ​ថ្ងៃនេះ មាន​ភាពរលូន​។ ចំពោះ​ការរៀបចំ​លើ​ផ្នែក​ម្អូ​ប​អាហារ​វិញ ក៏​ល្អ​ច្រើន​ដូចគ្នា​ផងដែរ​។​

​គួរ​បញ្ជក់​ថា ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់ជាតិ ឆ្នាំ​២០២២​នេះ ត្រូវបាន​រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ ដោយ​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​៨​ប្រភេទ​កីឡា សរុប​៣៤​វិញ្ញាសា ដូចជា​ប្រភេទ​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយ​សី វាយ​កូនឃ្លី​លើ​តុ តេ​ក្វាន់​ដូ WT និង តេ​ក្វាន់​ដូ ITF ដែលមាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១៦៧៧​នាក់ ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ដល់​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close