ឆេ​ក ទិញ​អង្ករ​ពី​កម្ពុ​ជាជាង ៧ ០០០​តោន ក្នុង​ឆ្នាំ​២០២១, រដ្ឋមន្ត្រី​កសិកម្ម សង្ឃឹមថា បរិមាណ​នេះ​នឹង​កើនឡើង​នាពេល​អនាគត​!

​ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​រសៀល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២២ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឆេ​ក ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​បន្ទាប់ពី​បានធ្វើ​គារវៈកិច្ច​គ្នា​រួចមក ភាគី​ទាំង​ពីរបាន​លើកយក​ប្រធានបទ​សំខាន់ៗ​មក​ពិភាក្សា គ្នា​ជា​ជំហាន​បឋម​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ទាក់ទង​នឹង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នាពេល​អនាគត ដែល​ក្នុងនោះ​មាន​ជាអាទិ៍ ៖
១- ការងារ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស ទាំង​រយ​:​ពេល​ខ្លី និង​ពេល​វែង ការផ្លាស់ប្តូរ​មន្ត្រី​ជំនាញ​ឲ្យ​ទៅធ្វើ​ទស្សន​:​កិច្ច​សិក្សា ដើម្បី​ដកស្រង់​បទពិសោធន៍​លើ​ការងារ​អនុវត្ត​បច្ចេកទេស​ផ្ទាល់ ។
២- ការអភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​ទាំង​ទឹកសាប និង​សមុទ្រ ។​
៣- ការធ្វើ​ទំនើបកម្ម​កសិកម្ម និង​
៤- ការពង្រឹង​សមត្ថភាព​លើ​ការកែច្នៃ​កសិផល ។​

​បន្ទាប់ពី​បាន​ពិភាក្សាគ្នា​ស៊ីជម្រៅ​រួចមក ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​រៀបចំ​ឯកសារ​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា (MOU) ស្តីពី “​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​” រវាង​ប្រទេស​ទាំងពីរ បន្ទាប់មក​នឹង​ឈានទៅ​អនុវត្ត​លើ​ខ្លឹមសារ MOU នេះ​ឲ្យ​ចេញ​ជា​ផ្លែផ្កា​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​។
​ឯកឧត្តម​រដ្ឋមន្ត្រី ក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មាន​ក្តីសង្ឃឹម និង​ការជឿជាក់​យ៉ាង​មុតមាំ​ថា នាពេល​អនាគត​ដ៏​ខ្លី​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​លេចចេញ​ជា​រូ​បរាង្គ និង​ទទួលបាន​ជោគជ័យ ជាពិសេស​គឺ​ភាគី​កម្ពុជា​ផ្ទាល់​ដែល​កំពុង​ត្រូវ​ការកសាង​ធនធានមនុស្ស​តាមរយ​:​ការបណ្តុះបណ្តាល ការលើកកម្ពស់​គុណភាព និង​ផលិតភាព​ផលិតកម្ម​កសិកម្ម ដើម្បី​ឆ្លើយ​តម​តាម​តម្រូវការ​ទីផ្សារ​នាំចេញ និង​ជាពិសេស​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។
​ឆ្លៀតឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ជូន​ចំពោះ​រដ្ឋាភិបាល​ឆេ​ក ដែល​បាន​ទិញ​អង្ករ​ពី​កម្ពុជា ចំនួន​ជាង ៧០០០​តោន​ក្នុង​ឆ្នាំ​២០២១ ហើយ​សង្ឃឹមថា​បរិមាណ​នេះ​នឹង​កើនឡើង​នាពេល​អនាគត​។
​ជំនួប​បានបញ្ចប់​ក្នុង​បរិយាកាស​មិត្តភាព និង​ឆន្ទ​:​រួមគ្នា​ថា​នឹង​រឹតចំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​លើ​វិស័យ​កសិកម្ម​នាពេល​អនាគត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close