ប្រតិភូ​ក្រសួងទេសចរណ៍ រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា នៅ​ប្រទេស​ហ្វីលីពីន​

យោង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី នាឱកាស​បើក​វេទិកា ទេសចរណ៍ អាស៊ាន​ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ និង​ស្របតាម​ស្មារតី​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ដែល​បាន​ជំ​រុញឱ្យ​ប្រទេស​សមាជិក​អាស៊ាន ពិចារណា​ក្នុង​ការបើក វិស័យ​ទេសចរណ៍​ដោយ​ផ្តើម​ពី​ចលនា​ទេសចរ​ផ្ទៃក្នុង​អាស៊ាន (Intra-ASEAN Travelers) និង​ស្របតាម “​ផែនទី​ចង្អុល​ផ្លូវ ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​ដំណាក់កាល នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩” ក៏ដូចជា​ផែនការ យុទ្ធសាស្ត្រ បើកទទួល​ទេសចរ​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​នៃ​ក្រសួងទេសចរណ៍ នឹង​ដឹកនាំ​ប្រតិភូ​ចំនួន ៤​រូប ទៅ​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ដំណើរ​ទេសចរណ៍​កម្ពុជា ក្រោម​យុទ្ធនាការ ទស្សនា​កម្ពុជា​បន្ទាប់ ដែលជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និង​បៃតង “Cambodia’s Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination” នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២២ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​វាគ្មិន​សំខាន់ៗ​ដោយផ្ទាល់​ពី​វាគ្មិន​ក្រសួងទេសចរណ៍ ឯកឧត្តម ហ៊​យ ភី​រក្ស អគ្គនាយករង​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​តាម​ប្រព័ន្ធ​វីដេអូ (ZOOM) ពី​វាគ្មិន​ដែលជា​ថ្នាក់ដឹកនាំ​តំណាង​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន ឯកឧត្តម ស៊ិន ចាន់​សេរី​វុត្ថា អនុរដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក តាន់ យុវរ​ដ្ឋ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម លោក សួន សុផល ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ និង​ការជំរុញ​គម្រោង​វិនិយោគឯកជន​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ផ្នែក​ឯកជន លោក​បណ្ឌិត ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​។​



អញ្ជើញ​ជា​អធិបតី​ក្នុងឱកាស​បើក​កម្មវិធី រួមមាន ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណៈរដ្ឋ​ហ្វីលីពីន មាន​អ្នកចូលរួម​ពី​សមាគមន៍​ទេសចរណ៍​ហ្វីលីពីន​ចំនួន​១២ និង​ទីភ្នាក់ងារ​ទេសចរ​ណ៍ស​រុ​បប្រមាណ ១៥០​រូប​។​

កម្មវិធី​ផ្សព្វផ្សាយ​ដំណើរ​ទេសចរណ៍​កម្ពុជា ក្រោម​យុទ្ធនាការ ទស្សនា​កម្ពុជា​បន្ទាប់ ដែលជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និង​បៃតង “Cambodia Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination” សំដៅ​ផ្សព្វផ្សាយ អំពី​សក្តានុពល​វិស័យ​ទេសចរណ៍​កម្ពុជា ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហការ​ល្អ​រវាង​ផ្នែក​ឯកជន​កម្ពុជា – ហ្វីលីពីន ឱ្យ​បង្កើន​ការលក់​កញ្ចប់ ទស្សនកិច្ច​ទេសចរណ៍​កម្ពុជា​លើ​ទីផ្សារ​ហ្វីលីពីន រួមជាមួយ​ការផ្សព្វផ្សាយ អំពី ការបើក​ដំណើរការ​សេវា​ទិដ្ឋាការ​ពេលមកដល់ (Visa On Arrival) សម្រាប់​អ្នកដំណើរ ពី​បរទេស​ចូលមក​កម្ពុជា​តាមផ្លូវ​អាកាស ផ្លូវគោក និង​ផ្លូវទឹក ការលើកលែង​លិខិត PCR Test អវិជ្ជមាន ៧២​ម៉ោង​មុន​ធ្វើដំណើរ ការលើកលែង​ធ្វើតេស្ត​រហ័ស​ពេលមកដល់ និង​ការលើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់ នៅតាម​ទីសាធារណៈ​ទូទាំងប្រទេស ព្រមទាំង​ជំរុញ​ការផ្សព្វផ្សាយ​អំពី​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (SEA Games 2023) របស់​កម្ពុជា ក្រោម​មូលបទ “​កីឡា​រស់ក្នុង​សន្តិភាព​”​។​

កម្មវិធី​Cambodia’s Tourism Roadshow ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​នៃ​ប្រទេស​ហ្វីលីពីន ហើយ​ភ្នាក់ងារទេសចរណ៍​ហ្វីលីពីន និង​ក្រុមហ៊ុន Philippines Airlines បាន​ឯកភាពគ្នា​ជំរុញ​ជើងហោះហើរ​ត្រង់​មកកាន់​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ តាមរយៈ​កម្មវិធី Cambodia’s Tourism Roadshow នេះ កម្ពុជា​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន​ហ្វីលីពីន ឱ្យមក​ទស្សនា “​កម្ពុជា – ព្រះរាជាណាចក្រ​អច្ឆរិយៈ សុវត្ថិភាព និង​ភាពកក់ក្តៅ​” កាន់តែច្រើន​ឡើងវិញ ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។​

​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល ៤​ខែ​ដើមឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ២២​ម៉ឺន​នាក់ និង​ភ្ញៀវទេសចរ​ក្នុងស្រុក​ប្រមាណ ៩​ម៉ឺន​នាក់ យើង​សង្កេតឃើញថា ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ កម្ពុជា​នឹង​អាច​ទទួលបាន​ភ្ញៀវទេសចរ ៨០​ម៉ឺន​នាក់ នៅ​ចុងឆ្នាំ​២០២២ នេះ​។

តាមរយៈ​កម្មវិធី​នេះ ក្រសួងទេសចរណ៍​រំពឹងថា តាមរយៈ​ការជំរុញ​ទេសចរ​វ៉ាក់សាំង ក៏ដូចជា ផ្អែកលើ​ការប្រែប្រួល​និន្នាការ​ទេសចរណ៍​ថ្មី​គឺ​ការ​ផ្តោតទៅលើ​ទេសចរ​ផ្ទៃក្នុង​អាស៊ាន និង​ទេសចរ​ដែល​នៅ​ជិត (Short Haul) រយៈពេល​នៃ​ការធ្វើដំណើរ​ចន្លោះ​ពី ៤ ទៅ ៥​ម៉ោង ដូចជា ទីផ្សារ​កូរ៉េ និង​ទីផ្សារ​ជប៉ុន ឥណ្ឌា អូស្ត្រាលី ជាដើម​។ ដោយឡែក យើង​នៅតែមាន​សុទិដ្ឋិនិយម​ថា ទីផ្សារ​ចិន​នឹង​បើក​ដំណើរការ​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ​នៅពេលដែល​កូ​វីដ​១៩ មាន​ភាព​ធូរស្រាល ចំណែក​ទីផ្សារ​នៅ​ឆ្ងាយ (Long Haul) គឺជា​គោលដៅ​យុទ្ធសាស្ត្រ​កំណត់ដោយ​ក្រសួងទេសចរណ៍​ថា ជាទី​ផ្សារ​ទេសចរណ៍​កម្រិត​ខ្ពស់ និង​មានការ​ចំណាយ​ច្រើន ដែលមាន​ទីផ្សារ​អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និង​ម​ជ្ឈឹ​ម​បូព៌ា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close