លោក ប៊ុ​យ សុ​ភ័​ណ្ឌ ដាក់​ក្តីសង្ឃឹម​ខ្ពស់​ជាងគេ លើ​៣​ប្រភេទ​ទម្ងន់ ក្នុងការ​ប្រជែង​មេដាយ ស៊ី​ហ្គេម​វៀតណាម​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​គូ​បញ្ជាក់ថា នៅក្នុង​ចំណោម​កីឡាករ កីឡាការិនី​ប្រដាល់សកល់​ជម្រើសជាតិ​កម្ពុជា ៨​នាក់ គឺមាន​កីឡារ​៣​នាក់ ដែល​ត្រៀម​ប្រកួត​លើ​៣​វិញ្ញាសា ឬ​៣​ប្រភេទ​ទម្ងន់ គឺជា​ក្តីសង្ឃឹម​ខ្ពស់​ជាងគេ ក្នុងការ​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ នៅក្នុង​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​គ្រោង​ដំណើរការ​ជា​ផ្លូវការ​ពីថ្ងៃ​ទី​១២-២៣ ខែ​ស​ឧ​ភា ឆ្នាំ​២០២២​។​

​នៅ​ថ្ងៃទី​៦ ខែឧសភា​នេះ លោក​អគ្គលេខាធិការ ប៊ុ​យ សុ​ភ័​ណ្ឌ អះអាងថា «​កីឡាករ សៅ រង្សី ប្រកួត​លើ​ប្រភេទ​ទម្ងន់ ៥៣​គីឡូក្រាម​, កីឡាករ ទូច ដេវីដ ទម្ងន់​៦៣​គីឡូក្រាម និង​កីឡាករ វី សុ​ភ័ស ប្រកួត​ទម្ងន់​៦៩ ដែល​កីឡាករ​ទាំងបី​នាក់​នេះ គឺជា​ក្តីសង្ឃឹម​ខ្ពស់​ជាងគេ ខណៈ​កីឡាករ កីឡាការិនី​៥​នាក់​ផ្សេងទៀត ក៏​ជា​ក្តីសង្ឃឹម​ក្នុងការ​ប្រជែង​មេដាយ​ផងដែរ​។ អ្វីដែល​សំខាន់​នោះ គឺ​វា​អាស្រ័យទៅលើ​ភាពជាក់ស្តែង ក្នុងការ​ចាប់ឆ្នោត មុនពេល​ការប្រកួត​ជាមុនសិន​»​។​

​ជារួម លោក ប៊ុ​យ សុ​ភ័​ណ្ឌ សង្កត់ធ្ងន់ថា បើទោះបីជា ក្រុម​កីឡាករ កីឡាការិនី​ប្រដាល់សកល់​ជម្រើសជាតិ​កម្ពុជា​ទាំង​៨​នាក់ ទោះ​ស្ថិតនៅក្នុង​ក្តី​រំពឹង​តិចជាង ឬ​ខ្ពស់ជាង​ក្តី ក៏​លោក ក្នុងនាម​តំណាង​ថ្នាក់ដឹកនាំ​សហព័ន្ធ​នៅតែ​ផ្តល់​ការលើកទឹកចិត្ត​ខ្ពស់​សម្រាប់​ក្រុម​ប្រដាល់សកល​ទាំងអស់ ក្នុងការ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្តើម​មេដាយ​ជូន​ជាតិ នៅក្នុង​ការប្រកួត​កីឡា​ដ៏​ធំ​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ រៀងរាល់​២​ឆ្នាំ​ម្តងនេះ​ផងដែរ​។ គេ​ចាំបាន​ថា កាលពី​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣០ កាលពី​ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ប្រភេទ​កីឡា​ប្រដាល់សកល​កម្ពុជា​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ចំនួន ៥​គ្រឿង​។​

​ជាមួយនឹង​ការដាក់​ក្តីសង្ឃឹម​បែបនេះ គឺ​ដោយសារ​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា​៥​នាក់​បាន​ចេញទៅ​បោះជំរុំ​ហ្វឹកហាត់ នៅក្រៅ​ប្រទេស ក្នុងនោះ​៣​នាក់​ទើបនឹង​វិល​ត្រឡប់មក​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ជាង​១​ខែ ហើយ​កីឡាករ​២​នាក់​ផ្សេងទៀត ដែល​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ ក៏​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ នា​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២២ ដើម្បី​ត្រៀមខ្លួន​ចេញដំណើរ​រួមគ្នា នា​ថ្ងៃទី​១៣​ឧសភា ទៅកាន់​ប្រទេស​វៀតណាម ក្នុងការ​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១​។​

​អគ្គលេខាធិការ​រូបនេះ​អះអាងថា តាមរយៈ​ការវាយតម្លៃ ការបោះ​ជំរុំ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​ទាំងពីរ​នេះ គឺ​កីឡាករ​ប្រដាល់សកល​កម្ពុជា បង្កើនបាន​បទពិសោធ​ន៍​ថ្មីៗ និង​សិទ្ធ​ផល​ល្អ ដោយ​លោក​ដាក់​ក្តី​សង្ឃឹមថា ពួកគេ​នឹងចូលរួម​ប្រកួតប្រជែង​មេដាយ ពី​ស៊ី​ហ្គេម លើក​ទី​៣១​នេះ​បាន​ជាក់​ជាមិនខាន ។
​ជាពិសេស​គឺ​នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជាង​ស៊ី​ហ្គេម លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​។ ក្រុម​ប្រតិភូ​កីឡាករ កីឡាការិនី​ប្រដាល់សកល​កម្ពុជា នឹង​ចេញដំណើរ​នា​ថ្ងៃទី​១៣ ខែឧសភា និង​ប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២៣ ខែឧសភា​។​

​គួរ​បញ្ជាក់ថា សម្រាប់​សមាសភាព​ក្រុម​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា សរុប​ចំនួន​៨​នាក់ ក្នុងនេះ​មាន​កីឡាការិនី​២​នាក់ (​ប្រកួត​លើ​៨​វិញ្ញាសា ឬ​៨​ប្រភេទ​ទម្ងន់​) ក្នុង​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម ដោយ​គ្រោង​នឹងធ្វើ​ឡើង​នា​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close